2023-08-03 09:08
446

ភ្នំពេញ៖ លោក កង វង ចៅសង្កាត់ចោមចៅ១ កាន់តែធ្ងន់ករហើយដោយសារបានគេចវេសមិនចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន ០២លើក ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើនារីជាប្រពន្ធបណ្តាលឲ្យមានស្លាកស្នាមរបួសពេញខ្លួន អាចនឹងប្រឈមមុខការចាប់ខ្លួនផងដែរ។ 
    យោងតាមដីការកោះហៅលើកទី២ របស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានចេញដីកាកោះទៅលើឈ្មោះ កង វង ភេទប្រុស អាយុ៣៧ឆ្នាំ ជឆសង្កាត់ចោមចៅ១ ដែលមានទីលំនៅផ្ទះ លេខ៣ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទប់ "ង" ជាន់ទី២ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៣រសៀល ដើម្បីសាកសួរ និងស្តាប់ចម្លើយ។ 
   លោក កង វង ចៅសង្កាត់ចោមចៅ១ ជាចុងចម្លើយ បានគេចវេសមិនព្រមចូលខ្លួនតាមអំណាចដីកាកោះលើកទី២ ឡើយដូច្នេះដីកាលើកទី៣ នឹងបញ្ជាឲ្យចូលខ្លួន ហើយដីកានេះស្មើនឹងនាំខ្លួនផងដែរ។ 
   ពាក់ព័ន្ធរឿងរ៉ាវរបស់ចៅសង្កាត់ចោមចៅ១នេះ ត្រូវបានគេដឹងថា ដើមបណ្តឹងមានឈ្មោះ វង់ សុធារ៉ា ភេទស្រី អាយុ ២៤ឆ្នាំ ប្តឹងឈ្មោះ កង វង ពីបទ: អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ។ នេះបើតាមរបាយការណ៍សំយោគលេខ ១៥២/២៣ រ.ប.ក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ របស់អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ដែលបានកសាងសំណុំរឿងនេះ។ 
   តំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានតម្រូវឲ្យសាម៉ីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើទៅជាមួយផងប្រសិនបើមាន ប៉ុន្តែចុងចម្លើយមិនបានចូលខ្លួនតាមដីកាកោះទាំង ០២លើកនោះឡើយ ដីកាលើកទី៣ អាចជាដីកាបញ្ជាឲ្យចូលខ្លួនស្មើនឹងដីកាបង្គាប់ឲ្យនាំខ្លួន៕