2023-07-06 02:07
224

កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ជាប្រធាន ស.ស.យ.ក បានថ្លែងថា សូមសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់យកចិត្តទុកដាក់ចំពោះការគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វេសប្រហែសណាមួយដែលបណ្តាលឲ្យសន្លឹកឆ្នោតរបស់យើងមិនអាចយកជាការបាន ឬជាសន្លឹកឆ្នោតដែលមិនបានការ។ 

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នេះ។

លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានថ្លែងថា ជុំវិញការងារនេះ ខ្ញុំក៏សូមអំពាវនាវសូមឲ្យក្រុមការងារចុះជួយតាមមូលដ្ឋាននានា សូមបន្ថែមការយកចិត្តទុកដាក់ លើការងារនេះជាមួយប្រជាពលរដ្ឋតាមគោលដៅ និងតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានហ្មត់ចត់ជាទីបំផុត។ តំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនរូបនេះ សូមរំឭកបន្ថែមផងដែរថា ឯកសារដែលបងប្អូនអាចភ្ជាប់យកទៅបោះឆ្នោតបានមានតែ ២គត់ គឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ (ឯ.អ.) ឯកសារបញ្ជាក់អត្តសញ្ញាណ។ 

សូមជម្រាបផងដែរថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កំពុងដំណើរយ៉ាងរលួន ប៉ុន្តែមានក្រុមអគតិមួយក្តាប់តូចបានបន្លំខ្លួនជាថ្នាក់ដឹកនាំគណបក្សប្រជាជន ឬគណបក្សផ្សេងៗបានធ្វើសកម្មភាពបំផុសបំផុលឱ្យប្រជាពលរដ្ឋគូសលើសន្លឹកឆ្នោតពីរ ឬបី.ប្រសិនបើស្រឡាញ់គណបក្សណាមួយ ដែលទង្វើបែបនេះ គឺជាការប៉ុនប៉ងបំផ្លាញការបោះឆ្នោតនៅកម្ពុជាតែម្តង៕