2023-10-18 04:10
359

បាត់ដំបង៖ មុខសញ្ញាជនសង្ស័យម្នាក់ទៀត ដែលពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះកាលពីជិត ១ឆ្នាំមុន ក្នុងក្រុងបាត់ដំបង ព្រោះតែរឿងទំនាស់ស្នេហាត្រីកោល ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការអនុវត្តតាមនិតិវិធីច្បាប់ និងបន្តតាមចាប់ខ្លួនបក្ខពួកដែលសេសសល់កំពុងរត់គេចខ្លួនបន្តទៀត។

សេចក្តីរាយការណ៍បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ វ៉េង ចិត្រា ហៅ ធី ភេទប្រុស មានទីលំនៅភូមិ អូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ៖  ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បណ្តាលឱ្យជនរងគ្រោះឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកន្តួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង បណ្តាលឱ្យស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងជនរងគ្រោះផ្សេងទៀតរងរបួស។

សេចក្តីរាយការណ៍បានបន្ថែមទៀតថា ជនសង្ស័យត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៥និង១៥នាទី នៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមការសម្របសម្រួលលើនីតិវិធីរបស់ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្បាត់ដំបង និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ អនុវត្តតាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៧៧៤ ត.ព្រ របស់លោក គា សីហា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ពីបទ «ឃាតកម្មគិតទុកជាមុន»។

សូមជម្រាបថា កាលពីវេលាម៉ោង ៤និង០០នាទីទៀបភ្លឺ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចសួន ច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារ FTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ជនសង្ស័យមួយក្រុមបានបើករថយន្តមកឈប់រួចដកកាំភ្លើងខ្លីបាញ់រះ ជាច្រើនគ្រាប់លើយុវជនមួយក្រុមទៀត ដែលកំពុងអង្គុយលេងជួបជុំគ្នាបណ្តាលឱ្យរងរបួសធ្ងន់-ស្រាលចំនួន ០៣នាក់ រួចជនសង្ស័យបាននាំគ្នាជិះរត់យន្តគេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍នោះ ក្នុងចំណោមជនរងគ្រោះទាំង ០៣នាក់ បានស្លាប់ម្នាក់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង សហការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង័្សយ ចំនួន ០២នាក់ បញ្ជូនទៅសាលាដំបូងខេត្ត។ រីឯបក្សពួកមួយចំនួនទៀត សមត្ថកិច្ចកំណត់មុខសញ្ញាបាន និងស្នើសុំដីកាពីស្ថាប័នតលាការ ដើម្បីស្វែងរកចាប់ខ្លួនបន្តទៀត។

សូមបញ្ជាក់ថា ករណីអំពើឃាតកម្មបាញ់ប្រហារយ៉ាងកក្រើកក្រុងបាត់ដំបងខាងលើនេះ គឺផ្តើមឡើងពីរឿងគំនុំសេ្នហាត្រីកោណរវាងក្រុមជនដៃដល់ និងក្រុមជនរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយនារីជាន់លេខរៀងគ្នា។
បច្ចុប្បន្ន ការិយាល័យជំនាញបានរៀបចំបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕