2023-10-05 05:10
248

ខេត្តក្រចេះ ៖   ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តក្រចេះបានប្រារព្ធទិវាទេសចរណ៍ពិភពលោក លើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង" និងអបអរសាទរពិភពលោកស្អាតលើកទី៦ ក្រោមអធិបតីភាព ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ យុវជនស.ស.យ.ក សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករប្រមាណជាង៥០០នាក់ នៅបរិវេណវិមានឯករាជ្យក្រុងក្រចេះ ។

ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះបានមានប្រសាសន៍ថា វិស័យទេសចរណ៍ នៅតែជាវិស័យដ៏សំខាន់មួយ ចូលរួមបង្កើតការងាររហូតដល់ ១០% នៃការងារសរុបពោលក្នុងចំណោមការងារ១០ មាន១ជាការងារផ្នែកទេសចរណ៍ចូលរួម ១០% នៃផលិតផលសរុបរបស់ពិភពលោក ។

ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត ដែលមានមន្ទីរ ទេសចរណ៍ជាសេនាធិការ ខិតខំធ្វើយ៉ាងជំរុញមានការអភិវឌ្ឍដល់រមណីយដ្ឋានបន្ថែម ជាពិសេស វិស័យសេវាកម្មក្នុងខេត្ត ត្រូវបានលើកកម្ពស់តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញខ្លី ដើម្បីលើកស្ទួយវិស័យ សេវាកម្មខេត្តឱ្យមានភាពល្អប្រសើរ និងការលើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងទីប្រជុំជន ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកទស្សនាខេត្តក្រចេះ ម្ដងហើយម្ដងទៀត និងឈានទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងមូលដ្ឋានប្រកបដោយបរិយាបន្ន។

ឯកឧត្តម បន្តថាដើម្បីឆ្លើយតបទៅនឹងយុទ្ឋនាការចលនាប្រឡងប្រណាំង “ទីក្រុងស្អាត” សម្រាប់ក្រុងក្រចេះ បច្ចុប្បន្នទទួលបាននូវជ័យលាភី ផ្ការំដួល២ទង នឹងទៅថ្ងៃអនាគតយើងទាំងអស់គ្នាត្រូវចូលរួមគិតរួមធ្វើ ដោយផ្ដោតទៅលើបរិស្ថាន អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តឱ្យបានល្អប្រសើថែមទៀតឈានទៅដល់ការប្រឡងប្រណាំងទីក្រុងស្អាត ទទួលបានជ័យលាភី ផ្ការំដួល៣ទង ៕ណូរិទ្ធ (ក្រចេះ)