2023-03-29 05:03
422

បន្ទាយមានជ័យ៖យុវជនម្នាក់ដែលគំរាមកំហែងបង្ហោះវីដេអូនិងរូបភាពអាសអាភាសជាសាធារណៈរបស់នារីវ័យក្មេងម្នាក់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាប និងចាប់ខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់។

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចាបខ្លួននៅចំណុច ហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាខាងលើតែម្តង។

គួររំលឹកផងដែរ នៅឆ្នាំ២០២០ ជនរងគ្រោះ បានស្គាល់ម្ចាស់គណនី Facebook ឈ្មោះ Hea Da នឹងបានទាក់ទងស្គាល់គ្នាព្រមទាំងបានលេងឆាតជាមួយគ្នាផងដែរ។ បន្ទាប់មកម្ចាស់គណនីឈ្មោះ Hea Da បានលួងលោមអោយជនរងគ្រោះថតវីដេអូអាសអាភាសផ្ញើឲ្យខ្លួនលុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ម្ចាស់គណនីឈ្មោះ Hea Da បានគំរាមឲ្យជនរងគ្រោះថតជាវីដេអូអាសអាភាសផ្ញើឲ្យខ្លួនមើលបន្តទៀត ប៉ុន្តែត្រូវបានជនរងគ្រោះបានបដិសេធ។

ប្រភពបន្តទៀតថា នៅពេលនោះម្ចាស់គណនីឈ្មោះ Hea Da បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា បើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេនឹងយកវីដេអូអាសអាភាសរបស់ជនរងគ្រោះបង្ហោះជាសាធារណៈលុះមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបានជនសង្ស័យខាងលើនាំមកកាន់នាយកដ្ឋាន។ 

បច្ចុប្បន្ននាយកដ្ឋានរៀបចំបែបទបដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕