2024-01-20 03:01
96

(កំពង់ចាម)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញបញ្ចុះបឋមសិលា សាងសង់អាគារសិក្សា នៃសាលាបឋមសិក្សាព្រៃទទឹង ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។

នៅក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ដើម្បីឲ្យការលើកកម្ពស់គុណភាពអប់រំ នៅសាលាបឋមសិក្សាព្រៃទទឹង ទទួលបានជោគជ័យ និងដើម្បីប្រែក្លាយសាលានេះ ជាសាលាគំរូមួយ ដែលប្រកបដោយគុណភាព ស្របតាមបំណងប្រាថ្នា របស់សម្ដេចអធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជាការចូលរួមអនុវត្តកម្មវិធីនយោបាយ ជាពិសេសវិធានការគន្លឹះទី ២ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព គឺទាមទារឲ្យមានការសហការ ពីគ្រប់តួអង្គពាក់ព័ន្ធ ក៏ដូចជាការចូលរួមពីសំណាក់សាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ទាំងមូល ត្រូវចូលរួមអនុវត្តរួមាន ទី១៖ សម្រាប់សាលារៀន ត្រូវរៀបចំបរិស្ថានស្អាត គ្មានសំរាម មានអនាម័យនិងសុវត្ថិភាព សាកសមជាទីកន្លែងអប់រំការបណ្ដុះបណ្ដាលប្រកបដោយគុណភាព សមត្ថភាព វិន័យ និងសីលធម៌ខ្ពស់ *ទី២៖ សម្រាប់លោកគ្រូ អ្នកគ្រូ ត្រូវដើរតួជាឪពុកម្ដាយទី២ ជាទីប្រឹក្សា និងជាអ្នកខិតខំប្រឹងប្រែងបង្ហាត់បង្រៀន អប់រំទូន្មាន និងតម្រង់ទិសសិស្សានុសិស្ស ហើយត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្រ្តបង្រៀន។*ទី៣៖ សម្រាប់មាតាបិតា អាណាព្យាបាល ត្រូវលើកទឹកចិត្ត និងជំរុញកូនៗឲ្យរៀនសូត្រ ត្រូវតាមដានសៀវភៅសិក្ខាគារិក សហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការតាមដាន ការសិក្សា អត្តចរិត សីលធម៌ របស់កូនៗ ទាំងនៅក្នុងគ្រួសារ នៅសាលារៀន និងនៅក្នុងសហគមន៍។*ទី៤៖ សម្រាប់សិស្សានុសិស្ស ត្រូវខិតខំរៀនឲ្យបានពូកែ ស្ដាប់ដំបូងមានឪពុកម្ដាយ និងលោកគ្រូ អ្នកគ្រូឲ្យបានខ្ជាប់ខ្ជួន ត្រូវចេះគោរពនិងដឹងគុណឪពុកម្ដាយ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ និងចេះស្រឡាញ់បងប្អូន នឹងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ឬការប្រព្រឹត្តអំពើអបាយមុខ ដើម្បីក្លាយខ្លួនទៅជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ។*ទី៥៖ សម្រាប់អាជ្ញាធរ    ដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគាំទ្រឲ្យបានយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់ជាដើម។