2024-02-29 01:02
62

កំពង់ធំ :     នៅព្រឹកថ្ងៃទី២៩ ខែ កុម្ភៈ ឆ្នាំ ២០២៤ លោកសាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពលោក ខៀវ  គុណ  នៅភូមិ ថ្មី  ឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្ត កំពង់ធំ ដែលបានទទួល               មរណភាពកាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ២០២៤កន្លងទៅដោយរោគាពាធ។ 

     នៅក្នុងឱកាសនោះ លោកអភិបាលស្រុកបានសម្តែងនូវសមានចិត្តចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ស្វាមី  ឪពុក ជីតា ក៏ដូចជាសាច់ញាតិជាទីស្រឡាញ់ ដោយគ្មានថ្ងៃវិលត្រឡប់វិញ ។ទន្ទឹមនឹងនោះ លោកក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និង ជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជននិងក្រុមគ្រួសារជាប់ជាប្រចាំ ផងដែរ ។ 

ជាមួយគ្នានោះដែរ លោក សាយ គឹមឡម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានជាពិសេសរដ្ឋបាលឃុំប្រឡាយ ត្រូវយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើងថែមទៀត ។
គួរបញ្ជាក់ផងដែរថា ថវិកាបេឡាមរណៈសង្គ្រោះ ដែលប្រគល់ជូនគ្រួសារសពនៅពេលនេះ មានចំនួន ៤លានរៀល ។