2023-12-11 06:12
91

ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី  នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ ១ ធ្នូ ក្រោមប្រធានបទ «សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»។
    ទិវានេះត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី សហការជាមួយមន្ទីរសុខាភិបាលខេត្តប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី  អនុប្រធានគណៈកម្មាធិការសាខា  សមាជិកសមាជិកាគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត ក្រុងស្រុក   និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម សសយក សយសស កាយរឹទ្ធ សិស្សានុសិស្ស ប្រមាណ ៣០០ នាក់។
   លោកឱសថការី លី ចន្ទ័ណារិទ្ធ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា គិតមកដល់ពេលនេះ ខេត្តរតនគិរី មានមន្ទីរពេទ្យបង្អែក២កន្លែង និងមណ្ឌលសុខភាពចំនួន ៣០  ដែលទទួលផ្តល់សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ និងកាមរោគផ្សេងៗ  មានសេវា RAT ១ន្លែង នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តផ្តល់ថ្នាំព្យាបាល។ ហើយមានអ្នកមកទទួលសេវាពិនិត្យឈាមរកមេរោគអេដស៏ចំនួន ៦៨១ នាក់ ស្រី ២៩៤ នាក់  ក្នុងនោះមានវិជ្ជមាន ៩ នាក់ ស្រី៤នាក់ និងមានអ្នកផ្ទុកមេរោគអេដស៏ ដែលកំពុងទទួលការព្យាបាលដោយថ្នាំពន្យាជីវិតសរុបចំនួន ២៧៨ នាក់ ស្រី ១៤០ នាក់។ លោកអនុប្រធានមន្ទីររំពឹងថា  ការចួលរួមពីយើងទាំងអស់គ្នា គឺជាជោគជ័យជាស្ថាពរក្នុងការលុបបំបាត់ការឆ្លងមេរោគថ្មី ឱ្យនៅកម្រិតជាអតិបរិមា ដើម្បីឈានទៅសម្រេចបានគោលដៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥។  ទោះជាយ៉ាងណាយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាបច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយបាននោះទេ ឯករណីឆ្លងក៏នៅកើតមានជាបន្តបន្ទាប់។ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានគោរពថ្លែងអំណរគុណ និងអាននូវសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល សកម្មជនជាតិ និងអន្តរជាតិ ប្រយុទ្ធនឹងជំងឺ
   អេដស៍នៅគ្រប់លំដាប់ថ្នាក់ក្រោម ប្រធានបទ «សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដើម្បីទាក់ទាញការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់រូប បន្តការប្រុងប្រយ័ត្នកាន់តែខ្លាំងក្នុងការបង្ការ ទប់ស្កាត់ ការចម្លងមេរោគអេដស៍នៅកម្ពុជា។ ក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឲ្យអាជ្ញាធរសាធារណៈ បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិឲ្យជនរួមជាតិចូលរួម ក្នុងចរន្តជាតិតែមួយ ឈានឆ្ពោះទៅរកបញ្ចប់អេដស៍ នៅឆ្នាំ២០២៥។
  ឯកឧត្តមបានបន្ថែមថា សូមយកឱកាសក្នុងទិវានេះផ្សព្វផ្សាយសូមឲ្យប្រជាពលរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ពិសេសប្អូនៗយុវជន ចូលរួមជាកម្លាំងសាមគ្គី ទប់ស្កាត់ជំងឺឆ្លងនានា បង្ការខ្លួន គ្រួសារ សហគមន៍ កុំឲ្យមានឆ្លង និងត្រូវស្វែងរកទីប្រឹក្សាសេវាថែទាំ និងព្យាបាល ជាពិសេសស្ត្រីមានផ្ទៃពោះ ឲ្យបានយ៉ាងតិច៤ដង និងទៀងទាត់។ ជាមួយគ្នានោះគប្បីបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ត្រូវបង្កើនការយកចិត្តទុកដាក់ លើការធានាទាំងប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព ពង្រឹងយន្តការ នៃការគ្រប់គ្រងធនធានមនុស្ស ទទួលខុសត្រូវតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។ តាមរយៈសាលិខិតនេះ សូមផ្ញើដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនត្រូវចូលរួមទប់ស្កាត់ និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ រួមគ្នាអនុវត្តវិធីសាស្ត្រ មិត្តអប់រំមិត្ត  ចាកឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ខិតខំថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភ ប្រើថ្នាំពន្យាជីវិតប្រឆាំងមេរោគអេដស៍ ពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ មិនត្រូវរើសអើងចំពោះអ្នកផ្ទុក និងសូមអំពាវនាវដល់ក្រុមបុរស រួមភេទជាមួយបុរស់ក្រុមស្ត្រីបម្រើសេវានៅតាមគ្រឹះស្ថានកម្សាន្តសប្បាយ មនុស្សពេញវ័យ ត្រូវអនុវត្តវិធានការបង្ការការចម្លងឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងឈានទៅបញ្ចប់ជំងឺអេដស៏ នៅឆ្នាំ២០២៥។

   នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានក៏បានចែកជូនអំណោយមនុស្សធម៌ ដល់អ្នកផ្ទុកមេរោគអេដស៍ក្នុងក្រុងបាលុង ចំនួន៣០នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៧ម៉ឺនរៀល៕