2023-10-27 09:10
356

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា សរុបចំនួនប្រមាណ ២០០រូប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ។
កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងចាប់តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី និងអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានរបស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន សមាគម អង្គការ និងវិស័យឯកជនជប៉ុន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាឱកាសនេះ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ ដែលបានពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា។
លោកថា នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការផ្តល់នូវសេចក្តីទុកចិត្តពីសំណាក់វិនិយោគិនបរទេសនិយាយជារួម និយាយដោយឡែកវិនិយោគិនជប៉ុន មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការច្បាមយក កាលានុវត្តភាពជាអតិបរមាពីកត្តាសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បរិស្ថានវិនិយោគដែលមានភាពអនុគ្រោះ និងរបបវិនិយោគដែលបើកចំហអំណោយផលសម្រាប់ការវិនិយោគ និងធានាបាននូវភាពប្រកួតប្រជែង។

លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរជូនចំពោះឧបនាយរដ្ឋមន្ត្រី ដែលត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ផ្តល់សេចក្តីទុកចិត្តតែងតាំងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ឧបនាយករដ្ឋមន្ត្រី នឹងបន្តចូលរួមពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។

ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពរនានារបស់វិនិយោគិនជប៉ុន។


អង្គប្រជុំបានចាប់ផ្ដើមជជែកពិភាក្សាលើបញ្ហាប្រឈម និងសំណើសុំនានារបស់វិស័យឯកជន ហើយជាលទ្ធផលក៏ទទួលបាននូវដំណោះស្រាយជាវិជ្ជមាន ដើម្បីជំរុញកិច្ចសហការយូរអង្វែងបន្តទៀត រវាងភាគីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន។

លើកឡើងមុនបញ្ចប់កិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) ចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិន និងផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយអំពីភាពវិជ្ជមានលើកិច្ចការងារវិនិយោគ និងការលើកទឹកចិត្តផ្សេងៗរបស់កម្ពុជា ពន្យល់ជូនទៅកាន់វិនិយោគិនដែលមានសក្តានុពលក្នុងប្រទេសជប៉ុន។

សូមបញ្ជាក់ជូនថា ប្រធានបទដែលត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី២៦នេះ មានវិសាលភាពគ្របដណ្តប់លើវិស័យការងារ ពន្ធដារ ភស្ដុភារកម្ម ថាមពល និងពាណិជ្ជកម្ម៕