2023-09-30 03:09
222

(កំពង់ឆ្នាំង)៖ ផ្ទះចំនួន៣ខ្នង ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាបិតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅចុងខែកញ្ញា ឆ្នាំ២០២៣នេះ បានសាង់សង់រួចជាស្ថានពរហើយ ដើម្បីផ្ដល់ជូនប្រជារាស្ដ្រដែលក្រខ្សត់គ្មានទីពឹង រស់នៅខេត្ដកំពង់ឆ្នាំង។

នេះតាមការបញ្ជាក់របស់លោកវេជ្ជ. អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ដែលបានចុះទៅពិនិត្យដោយផ្ទាល់ជាមួយលោក ជឹម ប៊ុនធឿន នាយកសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងក្រុមប្រតិបត្តិសាខាខេត្តកំពង់ឆ្នាំ និងអនុសាខាស្រុកទឹកផុស។

លោកវេជ្ជ. អ៊ុយ សំអាត បានថ្លែងថា ព្រះរាជអំណោយជាផ្ទះ៣ខ្នង ដ៏ឧត្តុង្គឧត្តមរបស់ហ្លួងម៉ែ នឹងប្រគល់ជូនដល់លោកយាយ គ្រែក ហ៊ី ចាស់ជរាគ្មានទីពឹង នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង   អ្នកស្រី លឹម ញឹប ជាស្រ្តីមេម៉ាយក្រីក្រជួបការលំបាកមានកូនច្រើន នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង   លោកយាយ កែ យី ចាស់គ្មានទីពឹង (ពិការជើងម្ខាង) នៅភូមិពារាំង ឃុំ ចោងម៉ោង ខេត្ដកំពង់ឆ្នាំង។

ផ្ទះទាំង៣ខ្នង ដែលបានសាងសង់រួចរាល់នេះ មានទំហំទៅតាមចំនួនសមាជិកនៅក្នុងគ្រួសារ ដោយផ្ទះមានសមាជិកច្រើនមានទំហំធំជាងគ្រួសារ ដែលមានសមាជិកតិច ហើយនឹងធ្វើពិធីប្រគល់និងទទួល នៅពេលរៀបចំបរិវេណនៅជុំវិញផ្ទះបានស្អាត និងផាកសុខភាពជាមុនសិន។

គួររម្លឹកថាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ៕