2023-06-30 11:06
301

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ១កន្លែងប្រវែង ៩០ម៉ែត្រ ទទឹង៨ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហម តភ្ជាប់ក្បាលស្ពានទាំងសងខាង ប្រវែង២០០ម៉ែត្រ នៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ១កន្លែងប្រវែង ៩០ម៉ែត្រ ទទឹង៨ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហម តភ្ជាប់ក្បាលស្ពានទាំងសងខាង ប្រវែង២០០ម៉ែត្រ នៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ពិធីមានការអញ្ជើញចូលរួមពីឯកឧត្ដម គុយ សុផល ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី លោកជំទាវ កុប ម៉ារីយ៉ាស តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត  ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


សម្ដេចចៅហ្វាវាំង គង់ សំអុល បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង ដែលទទួលបានសមិទ្ធផលថ្មីនេះ។
សម្ដេចចៅហ្វាវាំង បានលើកឡើងពីសារៈប្រយោជន៍នៃស្ពាននេះ ដែលបម្រើផ្នែកសេដ្ឋកិច្ច និងសង្គម មានសក្ដានុពលសម្រាប់ការទំនាក់ទំនង ទទួលសេវាសង្គម និងសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុកជលគិរី។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងដើម្បីបន្តគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
គួរបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ចុះមូលដ្ឋានស្រុក បន្តយកចិត្តទុកដាក់ពិនិត្យដោះស្រាយសំណូមពរជាតម្រូវការអាទិភាពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផ្លូវលំជនបទ បានធ្វើការសិក្សា និងបានចាប់ផ្ដើមសាងសង់ ស្ពានស្ទឹងស្ងួតនេះ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ហើយបានបញ្ចប់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ចំណាយថវិកាសរុប ៤ ៥០០លានរៀល ជាថវិការបស់រាជរដ្ឋាភិបាល អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។