2023-06-18 06:06
368

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសេចក្តីក្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នេះឲ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖ 

១- ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត “គម្រោងកែលម្អ ការតភ្ជាប់ផ្លូវជនបទ»។ 

២- ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ប្រមាណ ១៥,១៨ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត “គម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣»។ 

ការផ្តល់ជំនួយខាងលើ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ 

ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែល នាពេលថ្មីនេះៗបានតម្លើងទំនាក់ទំនងទ្វេភាគី ទៅជាកម្រិត “ភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត៕