2023-04-07 03:04
353

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានបញ្ជូនជនសង្ស័យជាឃាតក​ម្នាក់ទៅតុលាការ​នាព្រឹកថ្ងៃទី០៧​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ ដេីម្បីផ្ដន្ទាទោសតាមច្បាប់​ ពាក់ព័ន្ធ​ករណី​ ប្រើកូនកន្ត្រៃចាក់កសម្លាប់ប្រពន្ធ​ខ្លួនឯងបណ្ដាលឱ្យស្លាប់ក្នុងមុង​ កាលថ្ងៃទី០៤ ខែមេសា​ ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្តោយផ្លូវលំ​ ក្នុងភូមិតាឡី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

     គួរបញ្ជាក់ថា​ សពជនរងគ្រោះជាប្រពន្ធមានឈ្មោះ យឺន ឌីណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឃាតកជាប្ដី​មានឈ្មោះ ទៀង រស្មី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

 វត្ថុតាងចាប់យក៖ ១/កូនកន្ត្រៃតូច ពណ៌ក្រហមចំនួន០១, ២/ទូរស័ព្ទដៃម៉ាកណូគាចុចពិល ពណ៌ ផ្ទៃមេឃ ចំនួន០២គ្រឿង (មួយគ្រឿងអត់ថ្ម និងសំបកខាងក្រោយ) ៣/ថង់ក្រណាត់ពណ៌ក្រហមចំនួន០១ ។

     សមត្ថកិច្ចបានឱ្យដឹងថា​ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទី ជនសង្ស័យឈ្មោះ ទៀង រស្មី បាននៅផ្ទះជាមួយជនរងគ្រោះ(សព)ឈ្មោះ យឺន ឌីណា (ត្រូវជា ប្រពន្ធរបស់ជនសង្ស័យ) ស្ថិតនៅកន្លែងកេីតហេតុ​ ។ ពេលនោះ ជនសង្ស័យ បាននិយាយប្រាប់ឱ្យជនរងគ្រោះឈប់ធ្វើការជាសន្តិសុខនៅម្តុំស្តុបផ្សារថ្នល់បត់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ព្រោះជនសង្ស័យមានការប្រចណ្ឌទៅលើជនរងគ្រោះថា មានការលួចលាក់ស្នេហាជាមួយសន្តិសុខ ដូចគ្នា ។ ហើយជនរងគ្រោះបាននិយាយប្រកែកជាមួយជនសង្ស័យថា មិនឈប់ធ្វើការទេ បើជនសង្ស័យនៅតែបង្ខំ ឱ្យជនរងគ្រោះឈប់ធ្វើការ ជនរងគ្រោះនឹងទៅស្នាក់នៅកន្លែងធ្វើការក្បែរស្តុបផ្សារថ្នល់បត់ខាងលើនោះតែម្តង ។ 

     បន្ទាប់មកជនសង្ស័យខឹងនឹងសម្ដីរបស់ជនរងគ្រោះក៏បានដើរទៅយកកូនកន្ត្រៃដែកពណ៌ក្រហម ពីក្នុងថង់ក្រណាត់ ពណ៌ក្រហម ដែលប្រពន្ធបានទុកក្បែរពូកដេក រួចក៏យកកន្ត្រៃនោះកាន់នៅដៃខាងស្តាំ ហើយដើរទៅពីខាងក្រោយ ជនរងគ្រោះយកដៃឆ្វេងក្រៀកកពីខាងក្រោយ ដៃស្តាំយកកន្ត្រៃចាក់កសង្កត់ផ្តេកទៅលើពូករហូតដល់ជនរងគ្រោះ ដាច់ខ្យល់ស្លាប់តែម្តង ។

    ក្រោយមកជនសង្ស័យក៏បានជិះម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម (ម៉ូតូចាស់) ជិះគេច ខ្លុនទៅដល់ផ្លូវជាតិលេខ៣ មិនដឹងថានៅទីណាពិតប្រាកដ ម៉ូតូក៏គាំងម៉ាស៊ីនជិះទៅមុខលែងរួច ជនសង្ស័យ ក៏បានរុញម៉ូតូនោះចូលទៅក្នុងទឹកប្រឡាយមិនស្គាល់ទីតាំងពិតប្រាកដ រួចក៏ដើរតាមផ្លូវជាតិលេខ៣បន្ត រហូតដល់ ម៉ោង១០និង០០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យបានសុំរ៉ឺម៉កអ្នកដំណើរជិះត្រឡប់មកកន្លែង កើតហេតុវិញ ដើម្បីមើលជនរងគ្រោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង១១និង៣០នាទី ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចកន្លែងកើតហេតុ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធី​តែម្ដង​ ។ 

   បច្ចុប្បន្ន​នេះ​ ជនសង្ស័យជាឃាតកសម្លាប់ប្រពន្ធខាងលេី​ ត្រូវបានកម្លាំងជំនាញ​ បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីផ្ដន្ទាទោសតាមច្បាប់​ ៕​