2023-05-15 03:05
327


ភ្នំពេញ ៖ បុរសពីរនាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿន ដោយមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងដែលកំពុងបត់ឆ្វេងឆ្លងផ្លូវបណ្តាលឱ្យបុរសអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចក្បែរស្ពានទី៦ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ 


    ជនរងគ្រោះដែលស្លាប់មានឈ្មោះ ខន ដាវីត ភេទប្រុស អាយុ ១៩ឆ្នាំ  មុខរបរជាងជួសជុលរថយន្ត។ ចំណែកឯជនរងគ្រោះដែលរងរបួសមានឈ្មោះ វិត ចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ  ពួកគេទាំងពីរនាក់មានស្រុកកំណើតនៅភូមិជេីងព្រៃ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 
   បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BO-3069 បេីកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកេីតហេតុ ក៏បានបត់ឆ្វេងឆ្លងទៅផ្លូវបេតុងជិតផុតទៅហើយ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GX-5919ជិះដោយបុរសពីរនាក់ឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅបញ្រ្ចាសគ្នាជាមួយរថយន្ត ក្នុងល្បឿនយ៉ាងលឿន រួចក៏បានជ្រុលទៅបុករថយន្តចំផ្នែកខាងក្រោយចំហៀងខាងស្ដាំពេញទំហឹង បណ្តាលឱ្យអ្នកបេីកបរម៉ូតូបែកក្បាលស្លាប់ភ្លាមៗ និងអ្នករួមដំណើររងរបួសស្រាល ។ ចំណែកឯម៉ូតូបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តបានក្រពឹតផ្នែកខាងក្រោយចំហៀងខាងស្ដាំ ។  
  តាមសម្តីពីបុរសដែលរួមដំណើរជាមួយជនរងគ្រោះដែលស្លាប់បានឱ្យដឹងថា ពួកគេទាំងពីរនាក់ជាមិត្តភក្តិនឹងគ្នា ហេីយនៅមុនពេលកេីតហេតុ ពួកគេបានជិះម៉ូតូចេញមកពីលេងស្រុកកំណើតនៅខេត្តកំពង់ចាម ដោយបានជិះប្រញាប់ទៅធ្វើការនៅឯម្ដុំលូប្រាំ រាជធានីភ្នំពេញវិញ លុះជិះមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុករថយន្តខាងលេីនេះតែម្ដង ។  
    ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានសហការគ្នាចុះធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីរង់ចាំធ្វើការដោះស្រាយ។  ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕