2023-04-17 07:04
297

 

ភ្នំពេញ ៖ នៅវេលាម៉ោង០១:៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ ឆេងឡុង ភេទប្រុស ពីបទគាស់ទម្លុះទម្លាយ (យកកន្ត្រៃកាត់សោរការិយាល័យលក់ផ្ទះគំរូ លួចយកសម្ភារៈបំពាក់ផ្ទះគំរូលំនៅដ្ឋានហ្រី្គនផាលេស) ឃាត់ខ្លួននៅផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចការិយាល័យលក់ផ្ទះគំរូហ្រ្គីនផាលេស មានទីតាំងដីឡូត៍លេខ២៤ ផ្លូវលេខ២៨៣ ក្រុមទី៥២ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹកកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀតជាបក្សពួក នៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

១-ឈ្មោះ វ៉ាន់ ឆេងឡុង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

២-ឈ្មោះ ឈួន សុផល ហៅ ហ្សូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

៣-ឈ្មោះ លាង ហេង ហៅ ហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួល ផ្លូវរថភ្លើងក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AH-7016 ជារបស់ជនសង្ស័យឈ្មោះ វ៉ាន់ ឆេងឡុង, ម៉ាស៊ីនបោកខោអាវ ចំនួន០១គ្រឿង និងពូសម្រាប់ដេកមួយ ជារបស់ជនរងគ្រោះ, ម៉ូតូម៉ាក Suzuki Sirus ពណ៌ក្រហមលាយខ្មៅ អត់ផ្លាកលេខ ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ឈួន សុផល និងកៅអីសម្រាប់អង្គុយចំនួន០៤ (ចាប់យកពីឈ្មោះ ឈួន សុផល ហៅ ហ្សូ), ទូរទស្សន៍ម៉ាក LG ពណ៌ខ្មៅ ០១គ្រឿង, តុកញ្ចក់ ០១, កៅអីមួយ, កន្ត្រៃសម្រាប់កាត់ដែក ០១ និងដាវកែច្នៃ ០១ដើម (ចាប់យកពីបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ លាង ហេង ហៅ ហេង),  ទូរទឹកកក ០១គ្រឿង, ទូរទស្សន៍ ០១គ្រឿងម៉ាកតូស៊ីបា ០១គ្រឿង, ទូដែក ចំនួន០១ ចាប់យកពីបន្ទប់ជួលរបស់ជនសង្ស័យជាបក្សពួកឈ្មោះ កុង (គេចខ្លួនបាត់)។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។ សម្ភារៈបាត់បង់៖ ចង្ក្រានអគ្គីសនី០១គ្រឿង ស្រាដបចំនួន៨ដប។

ជនរងគ្រោះឈ្មោះ សុង ប៉េងសៀង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបកប្រែសាភាចិន ស្នាក់នៅបណ្ដោះអាសន្នការដ្ឋានសំណង់កំពុងសាងសង់លំនៅដ្ឋានហ្រី្គនផាលេស ស្ថិតនៅដីឡូត៍លេខ២៤ ផ្លូវលេខ២៨៣ ក្រុមទី៥២ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕