2023-07-18 06:07
270

 

ខេត្តមណ្ឌលគិរី៖ ព្រានព្រៃម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៣ ក្រោយពីកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៣ ។ 


   ជនសង្ស័យមានឈ្មោះ ប៊ីវ លូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូរជ័រ ឃុំសុខសាន្ត ស្រុកោះញែក ខេត្តមណ្ឌលគិរី។
ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធករណីដូចខាងក្រោម៖
   ១/ ពីបទ ប៉ុនប៉ងឃាតកម្ម
   ២/ ពីបទ ការប្រើប្រាស់និងរក្សារទុកអាវុធដោយខុសច្បាប់
   ៣/ពីបទបំផ្លិចបំផ្លាញធនធានធម្មជាតិដែលបានប្រព្រឹត្តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចត្រពាំងក្អើម ស្តិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។  
   សមត្ថកិច្ចឱ្យដឹងបន្ថែមទៀតថា ករណីនេះជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅល្ងាចថ្ងៃ១៤ ខែ កក្កដា២០២៣ហើយបញ្ជូនមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១៧ ខែឆ្នាំដដែល។ 
   ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីឃាត់ខ្លួនជន សង្ស័យនេះ ក្រោយពីមានបណ្ដឹងរបស់ជនរងគ្រោះ ដោយជនសង្ស័យបានធ្វើសកម្មភាពការបាញ់ប្រហារមកលើជនរងគ្រោះ២នាក់បងប្អូនតែមិនត្រូវ។ 
   មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ចំពោះករណីនេះជនសង្ស័យបានខឹងសម្បារទៅលើជនរងគ្រោះទាំងពីរដោយចោទថា ពីរនាក់បងប្អូនជាអ្នកប្តឹងសមត្ថកិច្ច និងរាយការណ៍ដល់សមត្ថកិច្ចពីគំរោងការបរបាញ់សត្វព្រៃ និងកាប់បំផ្លាញព្រៃឈើ។ 
   ប្រភពបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពកាប់បំផ្លាញឈើមានទំហំដី ៥០ម៉ែត្របួនជ្រុងដើម្បីដាក់មងរាយអន្ទាក់ចាប់សត្វស្វាធ្វើអាជីវកម្មជាប្រចាំ ៕