2023-06-03 04:06
365

ពោធិ៍សាត់់៖ មនុស្សប្រុស ស្រី ចំនួន ២៨នាក់ បានពុលស្រាស ក្នុងនោះបណ្តាលឱ្យស្លាប់ម្នាក់ និងចំនួន ២៧នាក់ទៀត ខណៈពេលនេះកំពុងជួយសង្គ្រោះ និងព្យាបាលក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមន្ទីរពេទ្យបង្អែលខេត្តពោធិ៍សាត់។

ករណីពុលស្រាសខាងលើនេះ បានកើតឡើង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយក្រុមជនរងគ្រោះចូលរួមកំដរបុណ្យសពរបស់ឈ្មោះ ស៊ុង ម៉ើយ អាយុ ៨៨ឆ្នំា និងបានផឹកស្រាស ទើបបង្កមានការពុលតែម្តង។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី មានប្រជាពលរដ្ឋក្នុងភូមិ-ឃុំខាងលើបានស្លាប់ ដោយរៀងចំពិធីបុណ្យសពតាមប្រពៃណី ហើយតាមទម្លាប់របស់អ្នកស្រុកតែងតែមានបងប្អូនអ្នកជិតខាងមកចូលរួមកំដរបុណ្យសពពេលយប់ ហើយម្ចាស់ដើមបុណ្យបានទិញស្រាស ដើម្បីទទួលភ្ញៀវផឹក និងប្រាជ្ញគ្នាកំដររោងបុណ្យ ស្រាប់លុះដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ មានឈ្មោះ ហ៊ុំ ហ៊ត ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលចូលរួមកំដរបុណ្យសពបានស្លាប់ និងមានមនុស្សចំនួន ២៧នាក់ទៀត មានអាការៈមិនស្រួលខ្លួនខ្លះធ្ងន់ធ្ងរ ខ្លះទៀតក៏ស្រាល បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមន្ទីរពេទ្យខេត្តពោធិ៍សាត់។ 

តាមការបំភ្លឺរបស់ឈ្មោះ ឆុង សាម៉ុន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ដូរ ក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ គាត់បានទិញស្រាស ចំនួន ០៧កាន ក្នុងមួយកានចំណុះ ៣០លីត្រ ពីឈ្មោះ ឌឿន សៀន ភេទប្រុស អាយុ ៥៨ឆ្នាំ នៅក្នុងភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ពោធិ៍សាត់ លុះដល់ម៉ោងប្រហែល ១៥និង៣០នាទី មានឈ្មោះ ម៉ើយ ម៉យ ភេទប្រុស អាយុ ៤៥ឆ្នាំ ដែលត្រូវជាកូនម្ចាស់បុណ្យសពបានមកទិញអីវ៉ាន់ និងស្រារស ចំនួន ៣០លីត្រដើម្បីទទួលភ្ញៀវ ស្រាប់តែដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ស្រាប់ឮគេនិយាយថា មានករណីពុលស្រាសស្លាប់បែបនេះ។

បុរសឈ្មោះ ឌឿន សៀន អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ពោធិ៍សាត់ ជាកសិករ និងបិទស្រាសលក់បន្ទាប់បន្សំ បំភ្លឺប្រាប់នគរបាលថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ គាត់ពិតជាបានលក់ស្រាសឱ្យឈ្មោះ ឆុង សាម៉ុន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ដូរ ចំនួន ០៧កានប្រាកដមែន លុះនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ល្បីមានមនុស្សពុលស្រាស្លាប និងជាច្រើននាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ អ្នកបិទស្រាសរូបនេះ បានបញ្ជាក់ថា គាត់បានប្រកបរបរបិទស្រាសលក់រយៈពេលជាង ៣០ឆ្នាំ មកហើយ វិធីបិតដាក់អង្ករកាច់ជាមួយមេដំបេរចាក់ទឹកទុករយៈពេល ៧ថ្ងៃ ទើបយកមកដាំបង្ហូរ។ 

តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាល បានឱ្យដឹងថា ជនរងគ្រោះដែលពុលស្រាសស្លាប់មានឈ្មោះ ហ៊ុំ ហ៊ត ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមនុស្ស ចំនួន ២៧នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់។ 

តាមការសន្និដ្ឋានបឋមករណីខាងលើនេះ សង្ស័យបណ្តាលមកពីពុលស្រាស និងបានយកសំណាកស្រាសទៅពិនិត្យមន្ទីពិសោធន៍ ដើម្បីរកមូលហេតុឱ្យកាន់តែច្បាស់លាស់។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសាររៀបចំបុណ្យតាមប្រពៃណី៕