2023-07-11 10:07
171


ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។


   ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ពីថ្ងៃទី១២-១៤ ខែកក្កដា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។ បន្ទាប់ពីនោះ ចាប់ពីថ្ងៃទី១៥ ខែកក្កដា នឹងអាចទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុង មហាសមុទ្រប៉ាស៊ីហ្វិក (ខាងកើតហ្វីលីពីន), សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្ដាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម * ពីថ្ងៃទី១៥-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C  * ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម * ពីថ្ងៃទី១៥-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣៖ តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ ១C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C * ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិច * ពីថ្ងៃទី១៦-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។
   ជាមួយគ្នានោះដែរ ក្រសួងបានអំពាវនាវ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕