2024-02-26 06:02
70

រដ្ឋធានីមូស្គូ៖ ស្របពេលបណ្ដាប្រទេសអ្នកមាន G7 បាននាំគ្នាបង្កកទ្រព្យសម្បត្ដិរបស់                  រុស្ស៊ី រាប់រយពាន់លានដុល្លារ ដោយសារតែសង្គ្រាមរបស់លោក វ៉្លាឌីមៀ ពូទីន នោះមក ឥឡូវមន្រ្ដីរដ្ឋាភិបាលក្រុងមូស្គូ បានរត់ទៅពឹកសុំខ្ចីលុយពីប្រទេសចិន។
    ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ថា លោក អេតុន ស៊ីលួណូវ (Anton Siluanov) រដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានពិភាក្សា ជាមួយនឹងសមភាគីចិន អំពីលទ្ធភាពទទួលបានកម្ចីជាលុយយន់។ ប៉ុន្តែការចរចានេះ បានអូសបន្លាយពេលវេលាជាយូរមកហើយ នៅតែមិនទាន់ឈានដល់កិច្ចព្រមព្រៀង នៅឡើយ។
   លោករដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុរុស្ស៊ី ស៊ីលួណូវ បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រង ដោយរដ្ឋរុស្ស៉ី ថា «កិច្ចពិភាក្សាជាមួយសមភាគីចិនបានបន្ត អស់រយៈពេលជាយូរមកហើយហើយ តែនៅមិនទាន់បានសម្រេច។ យើងបានពិភាក្សាអំពីបញ្ហានេះ តាំងពីចុងឆ្នាំ២០២៣ នៅក្នុងកិច្ចសន្ទនាអន្តរក្រសួង។ បច្ចុប្បន្ន រុស្ស៉ី បានត្រៀមរួចជាស្រេច នៅក្នុងការចាប់ផ្តើមសាកល្បងទូទាត់ជារូបិយប័ណ្ណឌីជីថល ជាមួយនឹងប្រទេសចិន ឬ បណ្តាប្រទេសសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ 
   បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប និង ក្រុមប្រទេស G7 បានបង្កទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៉ី មានទំហំទឹកប្រាក់ចំនួន ៣២៣ពាន់លានដុល្លារ ចាប់តាំងពីសង្គ្រាមរបស់លោកប្រធានាធិបតី ពូទីន បានផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែលោករដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានអះអាង ថា ក្រុងមូស្គូ នឹងចាត់វិធានការឆ្លើយតបវិញ ចំពោះអ្នកជាប់ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់រុស្ស៉ី នៅឯបរទេស៕