2023-07-26 12:07
234

ភ្នំពេញ​៖​     ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់​ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបចំការមន​ តាមបណ្តោយផ្លូវព្រះនរោត្តម​ កែងផ្លូវម៉ៅសេទង​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។ 

 រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយជនជាតិចិនមានគ្នា៣នាក់ក្នុងល្បឿនលឿនបំពានភ្លើងស្តុបពណ៌ក្រហមបានជ្រុលទៅបុកជាមួយរថយន្តKIA​ Moning បណ្តាលឱ្យរបួសស្ត្រីម្នាក់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

 តាមប្រភពព័ត៌មានបា​នឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកKIA moning​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BL-0793 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម​ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចភ្លើងស្តុបចំការមនជាកន្លែងកើតហេតុដោយសារភ្លើងស្តុបលោតពណ៌ខៀវទើបបន្តទៅមុខ ភ្លាមនោះស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកប៊ែលី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកម្ពុជាBANTLY.9​ បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រី២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនទាំងបំពានភ្លើងស្តុបក៏ជ្រុលទៅបុកជាមួយរថយន្តKIA​ ពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់ជិះក្នុងរថយន្តKIAរងរបួស ចំណែករថយន្តរងការខូចខាតទាំងសងខាង។

 ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលដោយភាគីខាងរថយន្តស៊េរីទំនេីបចេញថ្លៃជួសជុលទៅលេីរថយន្តKIAដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្តង៕