2023-08-08 07:08
136


ភ្នំពេញ៖  តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានី បានស្នើឲ្យ គណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញបន្តសហការ ជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតនៅពេលក្រោយៗទៀត ទទួលបានលទ្ធផល ជោគជ័យ ខណៈការបោះឆ្នោតនៅឆ្នាំ២០២៣នេះ ទទួលបានជោគជ័យរួចមក ។ 
   ការស្នើបែបនេះ នៅព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ ខណៈ លោកមាន ចាន់យ៉ាដា តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពី អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ កម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អង្គការសង្គមស៊ីវិលនិងតំណាងគណបក្សនយោបាយទាំងអស់។
 កម្មវិធីនេះ ក៏បានពិភាក្សារួមលើប្រធានបទ បញ្ហាប្រឈម និងដំណោះស្រាយ  ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ, ការឃោសនាបោះឆ្នោត, ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ជាមួយនិងការចែកជូនប័ណ្ណសរសើរផងដែរ។
 លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍លើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះគណៈកម្មកម្មការជាតិរៀបចំការបោះឆ្នោត ក្រោមការសហការជាមួយនឹងអាជ្ញាធរកម្លាំងមានសមត្ថកិច្ចក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលគណបក្សនយោបាយនានា យើងទទួលបាននូវភាពជោគជ័យ បើទោះបីមានការញុះញង់ពីគណបក្សប្រឆាំងយ៉ាងណាក្តី ។ ការបោះឆ្នោតនេះដែរ យើងក៏ទទួលបាន ពីការទទួលស្គាល់ពីបណ្ដាប្រទេសជាច្រើននៅលើពិភពលោក , ការទទួលស្គាល់ពីគណបក្សនយោបាយដែលចូល រួមការបោះឆ្នោត ,ការទទួលស្គាល់ពីអង្គការសង្គមនានាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ពិតជាមានភាពត្រឹមត្រូវ សេរី គោរពសិទ្ធិមនុស្ស។ 
    ក្នុងឱកាសនោះដែរ លោកមាន ចាន់យ៉ាដា ក៏បានធ្វើការណែនាំឲ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ត្រូវបន្តការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនិងអង្គការក្រៅរដ្ឋាភិបាល , ជំរុញការលើកទឹកចិត្តគណបក្សនយោបាយវិស័យឯកជន អ្នកព័ត៌មាន(ដោយអនុវត្តតាមគោលការណ៍ច្បាប់)។ បន្តការជំរុញអប់រំផ្សព្វផ្សាយពីការបោះឆ្នោត បន្តការគាំទ្រទាំងស្មារតី និងសម្ភារៈដល់សង្កាត់ទាំង១០៥ ដើម្បីឲ្យការអនុវត្តការងារ កាន់តែល្អប្រសើរថែមទៀត។ បង្កើននូវវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ចំពោះមន្ត្រីបោះឆ្នោតសំដៅធ្វើយ៉ាងណាឱ្យការបោះឆ្នោតនៅពេលក្រោយៗទៀត ទទួលបានជោគជ័យ៕