2024-02-22 11:02
75

ពោធិ៍សាត់៖ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំអូរសោម ស្រុកវាលវែង ប្រមាណចំនួន ២៣០គ្រួសារ កើតទុក្ខមិនសុខចិត្ត បាននាំគ្នាមកកាន់សាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៤ ដើម្បីស្នើសុំទៅលោក ខូយ រីដា អភិបាលខេត្តជួយអន្តរាគន៍ ចំពោះដីដែលពួកគាត់អាស្រ័យផលជាច្រើនឆ្នាំ ប៉ុន្តែឥឡូវនេះ ត្រូវបានអង្គការវ៉ាយអេតបណ្ដេញចេញមិនឲ្យពួកគាត់រស់នៅអាស្រ័យផលបន្តទៀត។
ពាក់រឿងរ៉ាវជម្លោះដីធ្លីនៅឃុំអូរសោមនេះ អង្គការវ៉ាយអេតបានចាប់ខ្លួនប្រជាជន ចំនួន ០៤នាក់ ដាក់ពន្ធនាគារទៀត ដោយចោទប្រកាន់ថា «កាប់គាស់ ឈូសឆាយ រំលោភ ទន្ទ្រានដីជម្រកសត្វព្រៃ ស្ថិតក្នុងតំបន់ការពាររបស់រដ្ឋតែតាមពិតពួកគាត់រស់នៅយូណាស់ហើយ»។
   លោក ទូច កេរ្តិ៍ តំណាងប្រជាពលរដ្ឋ ដែលមកពីឃុំអូសោម បានប្រាប់ឲ្យដឹងថា៖ ប្រជាពលរដ្ឋ មានចំនួន ៥ភូមិនេះ មានចំនួនជាង ១ ០០០ គ្រួសារ ក៍ប៉ុន្តែអ្នកដែលរងផលប៉ះពាល់ខ្លាំងមានពីរភូមិ ចំនួន ២៣០គ្រួសារ គឺត្រង់ចំណុច វល្លិ៍ពេន ចំណុច អូរមាត់ស្រះ និងចំណុច អូរស្រឡៅ ឃុំអូរសោម ស្រុកវាលវែង។  លោកបន្តទៀតថា ដោយសាររងផលប៉ះពាល់ដោយសារបញ្ហានេះ ទើបប្រជាជននាំគ្នាមកដល់ សាលាខេត្តពោធិ៍សាត់ ដើម្បីសុំឲ្យលោកអភិបាលនៃគណ:អភិបាលខេត្តជួយស្វែងរកដំណោះ និងចាត់ឲ្យមន្រ្តីជំនាញចុះទៅពិនិត្យមើលជាក់ស្ដែង។
   តំណាងអ្នកភូមិបានបន្ថែមទៀតថា៖ ប្រសិនឃើញសុទ្ធតែព្រៃមែន ពួកគាត់ទាំងអស់នឹងដកខ្លួនចេញភ្លាម តែបើឃើញមានផ្ទះសម្បែង មានដំណាំអាស្រ័យផលជាយូរមកហើយ ពួកគាត់សុំឲ្យលោកអភិបាលខេត្ត មេត្តាជួយអន្តរាគមន៍ ដើម្បីឲ្យពួកគាត់បានរស់នៅអាស្រ័យផលបន្តទៀតផង។
បន្ទាប់ពីស្ដាប់ការលើកឡើងរបស់ប្រជាពលរដ្ឋ និងពិនិត្យលើឯកសារពាក់ព័ន្ធ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានប្រាប់ទៅពលរដ្ឋថា៖ «លោកនឹងចាត់ឲ្យអភិបាលរងខេត្តម្នាក់ទទួល   ជំនាញកិច្ចការនេះចុះទៅស្រាវជ្រាវពិនិត្យ ដល់ទីតាំងនោះផ្ទាល់ ប្រសិនជាដោះបានលោកនឹងដោះស្រាយជូន តែបើពិនិត្យទៅការដោះស្រាយនេះមានភាពស្មុកស្មាញ លោកនឹងជម្រាបជូនទៅថ្នាក់ជាតិជាអ្នកដោះបន្ត»។ 
   លោកអភិបាលខេត្តបន្ថែមថា៖ «ការដោះស្រាយនេះមិនមែនស្រេចតែចិត្ត និងអំណាចជាអភិបាលខេត្តបានឡើយ ត្រូវតែហ៊ានទទួលខុសត្រូវនៅចំពោះមុខច្បាប់ រាល់ធ្វើអ្វីពឹងផ្អែកលើផ្លូវច្បាប់ដោះស្រាយទាំងអស់ ព្រោះបុក្គលយើងម្នាក់ៗ គឺច្បាប់គ្រប់គ្រងទាំងអស់គ្នាមានតែច្បាប់នឹងហើយ បានយើងមានសុខសន្តិភាព មានការអភិវឌ្ឍន៍ ប្រសិនមិនមានច្បាប់ គឺមនុស្សយើងមិនអាចរស់នៅបានសុខសុភមង្គលឡើយ»។
   ជាចុងក្រោយលោក ខូយ រីដា អភិបាលខេត្តបានកោតសរសើរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកតវ៉ាសុំអន្តរាគមន៍ពីអភិបាលខេត្ត ដោយមិនកាន់ពិដា កាន់កាំបិតពូថៅ បើអំហិង្សាមកលើអាជ្ញាធរខេត្ត ហើយបងប្អូនមកនេះ ដោយមានពាក្យសំដីប្រកបដោយសមរម្យក្នុងនាមប្រជាពលរដ្ឋ ដោយកាន់ភ្ជាប់នៅឯកសារ ដើម្បីឲ្យខេត្តដោះស្រាយជូនលោកនឹងខិតខំធ្វើកិច្ចការនេះជូនបងប្អូន៕