2024-01-31 03:01
93

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ ក្រុមការងារតាមដានជីវៈចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងខេត្តរតនគិរី បានប្រទះឃើញសត្វក្រៀល ចំនួន ១៣ក្បាល ខណៈពេលដែលពួកគេកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ 

មន្ត្រីជំនាញបានអះអាងថា ចំនួននេះ បានកើនឡើងជាងពីរដង បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមានសត្វក្រៀលចំនួនត្រឹនតែ ០៦ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រា ។ 
សត្វក្រៀលចំនួន ១៣ក្បាល ដែលក្នុងនោះមានកូន ចំនួន ០៥ក្បាល ត្រូវបានសង្កេតឃើញហើរលេង ស្រែកឆ្លើយឆ្លង និងស្វែងរកចំណីនៅក្នុងភូមិគោលដៅរបស់គម្រោងរេដបូក ។ ភូមិទាំងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ USAID មរតកបៃតង និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងរេដបូក នៅស្រុកលំផាត់។ 

សត្វក្រៀល បច្ចុប្បន្នត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទកំពុងទទួលរងការគំរាមកំហែង ។ សត្វស្លាបទាំងនេះ ក៏ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ នៃការបាត់បងពីក្នុងប្រទេសកម្ពុជាផងដែរ ដោយសារតែការបាត់បង់ទីជម្រក ហើយវាត្រូវបានគេរកឃើញថា មានចំនួនប្រហែលតិចជាង ១០០ក្បាលប៉ុណ្ណោះ នៅក្នុងប្រទេសកាលពីឆ្នាំមុន។ 

បច្ចុប្បន្ននេះ USAID មរតកបៃតង សហការជាមួយ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា អង្គការជីវិតធម្មជាតិនៅកម្ពុជា និង Rising Phoenix កំពុងធ្វើការរួមគ្នាដើម្បីការពារសត្វព្រៃ និងជម្រករបស់វា តាមរយៈការពង្រឹងការគ្រប់គ្រងព្រៃឈើ និងការគ្រប់គ្រងធនធានសត្វព្រៃនៅដែនជម្រកសត្វព្រៃលំផាត់ កែវសីមា និងសៀមប៉ាង ៕