2024-02-22 06:02
74

ភ្នំពេញ៖ មុខសញ្ញាក្រុមដៃស្អិតចំនួន ០២នាក់ រហ័សនាម «ក្តាម» ចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលនគរបាលជាតិ បង្ក្រាប និងចាប់ខ្លួនក្រោយធ្វើសកម្មភាពឆក់យកទូរសព្ទពីជនរងគ្រោះម្នាក់ កំពុងជិះកង់ នៅខណ្ឌបឹងកេងកង។
   នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយករដ្ឋានព្រហ្មទណ្ឌ បានបង្ហាញមុខក្រុមជនជាមុខសញ្ញាតែងតែធ្វើសកម្មភាពឆក់ រហ័យនាម «ក្តាម» នេះបន្ទាប់ពីសាកសួររួចរាល និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ។
   ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងតាមការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវ និងបើកការស៊ើបអង្កេតកំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព។
   តាមការបញ្ជាក់ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង ១៥និង១០នាទី ត្រង់ចំណុច ផ្លូវលេខ ៣៧១ (សឡា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានធ្វើឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ នឹងបន្តឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ទៀត វេលាម៉ោង ២០និង១៥នាទី នៅចំណុច ផ្លូវលេខ ៣៤៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
   មុខសញ្ញាក្រុមដៃស្អិតទាំង០២នាក់ រួមមាន៖ ឈ្មោះ សុខ យុទ្ធឈាន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សំ រដ្ឋា ហៅក្តាម ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ។ 
   នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឱ្យដឹងថា ពួកគេបានធ្លាប់ធ្វើសកម្មភាព នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៦និង៣៣នាទី បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសរងគ្រោះកំពុងជិះកង់ម្នាក់ឯងបានសំរេចនៅចំណុច ផ្លូវលេខ ២១៧ កែងផ្លូវលេខ ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ (របស់ជនសង្ស័យ) និងម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ 1KL-4524 (របស់ជនសង្ស័យ)។ 
   បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕