2024-03-06 03:03
55

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្ដព្រះសីហនុ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានឆ្មក់ចុះប្រតិបត្ដិការបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ជីនឌានហ្ស៊ីយី» ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ  ។

ប្រតិបត្ដិការខាងលើនេះក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្ដព្រះសីហនុ ព្រមទាំងមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុផងដែរ ។

យោងតាមរបាយការណ៍ របស់ស្នងការនគរបាលខេត្ដព្រះសីហនុ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផែនសន្តិសុខផ្ទៃក្នុង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០១និង៤៥នាទីព្រឹក បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយីម៉ៃទូ» (KTV &BAR) ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ពាក់ព័ន្ធជួញដូររក្សាទុក សម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ឃាត់មនុស្សចំនួន ៨៧នាក់ ស្រី៤៣នាក់។

ជាំលទ្ធផលនៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរិបអូសវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅសថ្លាសង្ស័យសារធាតុញៀន១១កញ្ចប់, ម្សៅក្រាមពណ៌សសង្ស័យ សារធាតុញៀន៧ដប, ដុំក្រាមពណ៌ស សង្ស័យសារធាតុញៀន២កញ្ចប់, ថ្នាំគ្រាប់សញ្ញា WY សង្ស័យសារធាតុញៀន ១គ្រាប់, សារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀន៣៥ដប, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ និងពណ៌លឿង សង្ស័យសារធាតុញៀន៥ចំណិត, កញ្ចប់ចំរុះពណ៌សង្ស័យ សារធាតុញៀន១០កញ្ចប់, រុក្ខជាតិញៀន (កញ្ឆាក្រៀម) ២កញ្ចប់, ឧស្ម័នណាយទ្រីអុកសៃ បញ្ចូលក្នុងប៉េងប៉ោង៣បំពង, ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន, ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន៦ដប, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន៦គ្រឿង, សារធាតុផ្សំ មួយចំនួន, សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន, ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, លិខិតឆ្លងដែន៥ក្បាល និងកាតរឹងមួយចំនួនផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕