2024-02-03 10:02
70

កណ្តាល៖ ជនសង្ស័យជាឃាតករ បានរៀបគំរោងណាត់ជួបនារីជាស្រីកំណាន់ដែលមានប្តី និងផ្ទៃពោះ៥ខែ ដើម្បរួមរក្សជាមួយគ្នាក្នុងផ្ទះសំណាក់យ៉ាងស្រុកណុកសុខស្រួល បន្ទាប់មកនាំទៅរកទីកន្លែងស្ងាត់ធ្វើសកម្មភាពយកខ្សែអង្រឹងរឹត.កសម្លាប់ប្លន់យកម៉ូតូ និងដុតសាកសពបំផ្លាញចោល ត្រូវបានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនជាបណ្តោះសន្នក្នុងពន្ធនាគារ។ 

បុរសជាឃាតករត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលបញ្ជូនទៅឃុំខ្លូនក្នុងពន្ធនាគារខេត្តកណ្តាល នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ពាក់ព័ន្ធករណីមនុស្សឃាតគិតទុកជាមុន (សម្លាប់យកម៉ូតូ និង ដុតសាកសពកម្ទេចចោល)។

ជនសង្ស័យជាឃាតករមានឈ្មោះ ភឹម រតនា ហៅ គាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំងករាជអាវុធហត្ថខេត្តកណ្តាល នៅវេលាម៉ោង ១៦និង៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកនារីជនរងគ្រោះមានឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ស្លាប់ដោយសាររឹកកនឹងខ្សែអង្រឹង រួចប្រមូលសំរាមគរចាក់សាំងដុតកម្ទេចសាកសពចោលឆេះអស់ប្រហែល៧០%។

អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល លោកតែងតែដាស់តឿន ក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាព ឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជា បទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ថា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុជាមុន (ប្លន់យកម៉ូតូ និតដុតបំផ្លាញសព)។ 

សូមរំឭកថា នៅវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សស្រីម្នាក់ នៅចំណុចក្នុងព្រៃខាងជើងភូមិប្រហែល ១ ១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាករណីឃាតកម្ម។ ក្រោយពីទទួលព័ត៌មាន រឿងហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឲ្យលោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចុះដឹកនាំកម្លាំងដោយផ្ទាល់ប្រតិបត្តិការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញា ដែលធ្វើសកម្មភាពខាងលើ ឲ្យបានជាដាច់ខាត ដោយមានការសម្របសម្រួលនីតិវិធីពី លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលផងដែរ។ 

តាមការស្រាវជ្រាវមុនពេលកើតហេតុជនសង្ស័យជាឃាតករបានហៅទូរសព្ទណាត់ជាមួយនារីគ្រោះដែលមានប្តី និងផ្ទៃពោះ៥ខែ ជួបគ្នារួចនាំគ្នាចូលក្នុងផ្ទះសំណាក់ ដើម្បីរួមរក្សជាជាមួយគ្នា ព្រោះពួកគេធ្លាប់មានទំនាក់ទំនងស្នេហាស៊ីជម្រៅ និងធ្លាប់ណាត់ជួបគ្នាចូលផ្ទះសំណាក់ជាញឹកញាប់ ប៉ុន្តែនៅថ្ងៃកើតហេតុជនសង្ស័យបានរៀបចំគំរោងសម្លាប់នារីជាស្រីស្នេហ៍ប្លន់យកម៉ូតូបន្ទាប់ពីចេញពីបន្ទប់ផ្ទះសំណាក់ និងដុតសាកសពតែម្តង។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ភឹម រតនា ហៅ គាង បានសារភាពថា «ខ្លួនពិតជាបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះពិតប្រាកដមែន»។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួចហើយ៕