2023-08-01 10:08
137

 

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនមិនប្រយ័ត្ន ស្រាប់តែរេចង្កូតទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវ ចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យកំពឹតបាក់ទ្រេត សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexusពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-8406 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ពេញទំហឹង បណ្តាលឲ្យបាក់ទ្រេត ចំណែករថយន្តបង្កវិញ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សដែលធ្វើដំណើរតាមដងផ្លូវ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុ យករថយន្តទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕