2023-10-23 04:10
304

(ក្រចេះ)៖ ទីតាំងផ្សារឯកជនមួយកន្លែងស្ថិតនៅក្នុងភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថាម្ចាស់អាជីវកម្មបានបើកឲ្យជីវករលក់ដូរដោយគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយត្រឹមត្រូវនោះទេ បានបង្ករឱ្យមានការកកស្ទះចររាចរណ៍ជារៀងរាល់ព្រឹក ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាខ្លាំង។

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើបានឲ្យដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះទៀតថា ទីតាំងផ្សារខាងលើនេះគឺជារបស់ឯកជនដែលបានបើកឲ្យធ្វើអាជីវកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្របតាមកំណត់ផ្លូវខេត្តលេខ៣៧១ ពីស្រុកឆ្លូង ទៅកាន់ស្រុកក្រូចឆ្មារដោយឈ្មោះលោក ម៉ាត់ ហ៊ីម ជាម្ចាស់ទីតាំងផ្សារនោះ។

សេចកីរាយការដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ទីតាំងផ្សារខាងលើនេះម្ចាស់អាជីវកម្មបានធ្វើអាជីវកម្មដោយយកផ្លូវសាធារណៈទាំងមូលដាក់ឲ្យអាជីវករលក់ដូរ និងសាងទំនិញដោយមិនគិតពីផលប៉ះពាល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋនោះទេ។ ភាពគ្មានស្ដាប់ធ្នាប់និងអាណាធិបតេយ្យពីសំណាក់ផ្សារខាងលើនេះ គឺបានចាប់ផ្ដើមតាំងពីវេលាម៉ោង ៣:០០ទៀបភ្លី រហូតដល់ម៉ោង ៦:០០ព្រឹកនៅមុខបរិវេណផ្សារ ក៏ដូចជាលើផ្លូវសាធារណៈទាំងមូល អាជីវករលក់ដូរមានទាំងម៉ូតូឡានបាននាំគ្នាមកលក់ដូរ និងសាងទំនិញនៅលើកំណត់ផ្លូវជាតិទាំងមូល ដោយពុំមានការរៀបចំសណ្ដាប់ធ្នាប់ និងចាប់កម្លាំងសន្តិសុខផ្សារ ឲ្យរៀបចំធ្វើចរាចរណ៍នោះទេ នៅពេលដែលមានឡានម៉ូតូ ឬប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវខេត្តលេខ៣៧១ មុខផ្សារនេះគឺតែងតែមានការកកស្ទះចរាចរណ៍មិនអាចទៅមុខបានដោយសារតែមានការរាំងស្ទះពីសំណាក់អាជីវករលក់ដូរនៅលើតាមផ្លូវនេះយ៉ាងអាណាធិបតេយ្យបំផុត។

ទាក់ទងនិងការលក់ដូរយ៉ាងណាអធិបតេយ្យរបស់អាជីវករនៅលើទីតាំងផ្សារនេះ ត្រូវបានពលរដ្ឋលើកឡើងថា ដោយសារតែម្ចាស់អាជីវកម្ម ជាពិសេសលោក ម៉ាត់ ហ៊ីម ដែលជាម្ចាស់ផ្សារ បានគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប្រមូលលុយយកភេស៊ីពីក្រុមអាជីវករឲ្យតែបានច្រើនតែប៉ុណ្ណោះ ម្យ៉ាងវិញទៀតអាចបណ្ដាលមកពីខ្វះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកឆ្លងទាំងមូល។

ពលរដ្ឋស្នើឲ្យអាជ្ញាធរ ស្រុកមេត្តាចុះត្រួតពិនិត្យមើលការលក់ដូរ និងសាងទំនិញលើផ្លូវសាធារណៈបែបអនាធិបតេយ្យនេះផង បើបណ្ដោយឲ្យពួកគាត់នៅតែបន្តលក់ដូរគ្មានរបៀបរៀបរយបែបនេះធ្វើឲ្យមានការកកស្ទះចរាចរណ៍ដល់ពលរដ្ឋផ្សេងទៀតធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះ។ ទោះយ៉ាងណា ការរិះគន់របស់ពលរដ្ឋអំពីភាពអនាធិបតេយ្យនៅក្នុងផ្សារពង្រទាំងមូលគេនៅពុំទាន់មានការបំភ្លឺហេតុផលយ៉ាងណាពីម្ចាស់ផ្សារក៏ដូចជាអាជ្ញាធរពាក់ពន្ឋ័នៅក្នុងស្រុកឆ្លងនៅឡើយទេ៕