2023-07-17 01:07
165

    ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ថាជានាយរងប៉ុស្តិ៍រដ្ឋបាលឃុំថ្នាធ្នង់ ស្រុករំដួលម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់គួរអោយសង្វេគ ខណៈដែលគាត់ជិះម៉ូតូដឹកស្មៅហើយចៃដន្យក៏រអិលធ្លាក់ចូលក្នុងប្រឡាយ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងវេលាថ្ងៃរសៀល។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥៦នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចចម្ការអំពៅ ក្នុងភូមិកំពោតទូក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ឡុង សុខា អាយុ៣៦ឆ្នាំ មុខរបរជានាយរងប៉ុស្ដិ៍រដ្ឋបាលឃុំថ្នាធ្នង់ មានទីលំនៅសព្វថ្ងៃភូមិបុសតូច ឃុំពងទឹក ស្រុករំដូល ខេត្តស្វាយរៀង។

   ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចនគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាលបានចុះទៅពិនិត្យសពភ្លាមៗ។

    បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ប្រាកដមែន ។ខណៈដែលជនរងគ្រោះជិះម៉ូតូមួយគ្រឿងដឹកស្មៅ តែចៃដន្យអាក្រក់បានរអិលធ្លាក់ប្រឡាយបង្ហូរទឹកដោយខ្លួនឯងស្លាប់គួរឱ្យសង្វេគបំផុត។

   បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕