2023-08-09 07:08
183


(កំពត)    ៖     នាថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៣នេះលោក សូ ផននាយករដ្ឋបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា ឆ្នេរកោះស្មៅដែលស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូនេះ ដោយសារជំនន់ទឹកភ្លៀងបានហូរនាំសំរាមជាច្រើនមកចាក់គរនៅលើឆ្នេរកោះស្មៅ ដែលជាតំបន់ទេសចរណ៍ដល់ពេលនិយមសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិដែលបានមកអង្គុយលម្ហែកម្សាន្តស្របយកខ្យល់បរិសុទ្ធចាប់ពីរសៀលរហូតដល់ពេលយប់។
   អភិបាលស្រុកទឹកឈូ លោកបានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត ឱ្យលោក អឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានដឹកនាំកម្លាំងចម្រុះរបស់ស្រុកដោយផ្ទាល់ចុះធ្វើការសំម្អាតឆ្នេរកោះស្មៅនេះអស់រយៈពេលពីរថ្ងៃពេញទើបឆ្នេរបានស្អាតឡើងវិញ។
  ក្រោយជំនន់ទឹកភ្លៀងនាពេលកន្លងមក បានហូរនាំយកសំរាមជាច្រើនមកចាក់គរលើតំបន់ឆ្នេរកោះស្មៅ ដែលជាតំបន់ពេញនិយមសម្រាប់ទេសចរជាតិ និងអន្តរជាតិមកអង្គុយលម្ហែស្រូបយកខ្យល់បរិសុទ្ធ។
  ដើម្បីសម្អាតតំបន់ឆ្នេរនេះឡើងវិញ រដ្ឋបាលស្រុកប្រើកម្លាំងសរុបសម្អាតអស់រយៈពេលពីរថ្ងៃពេញ។

  អាជ្ញាធរបានស្នើដល់ពលរដ្ឋ និងអាជីវករឲ្យជួយចូលរួមសម្អាតបន្ថែម ដើម្បីឲ្យឆ្នេរស្អាតទាក់ទាញទេសចរមកលេងច្រើន។
លោកនាយករដ្ឋបាលសាលាស្រុកបានបញ្ជាក់ដែរថា កន្លងមកអាជ្ញាធរស្រុកទឹកឈូ តែងតែយកចិត្តទុកដាក់ចូលរួមដឹកនាំ និងផ្សាយឲ្យពលរដ្ឋសម្អាតបរិស្ថានអនាម័យជាញឹកញាប់ នៅតាមតំបន់រមណីយដ្ឋាន តាមទីសាធារណៈ តាមដងផ្លូវសំខាន់ៗនានា ពិសេសតំបន់ឆ្នេរកោះស្មៅនេះតែម្តង  ព្រោះបើឆ្នេរស្អាតតែ គ្មានអនាម័យបរិស្ថានល្អ ទេសចរក៏មិនមកលេងដែរ។

   លោកតែងបានស្នើឲ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់រួមគ្នាជួយសម្អាត និងថែរក្សាបរិស្ថានអនាម័យជាប្រចាំ និងធ្វើជាគំរូល្អក្នុងការទុកដាក់សំរាម។

  តំបន់ឆ្នេរកោះស្មៅ ជាតំបន់ទេសចរណ៍ទាក់ទាញថ្មីមួយរបស់ខេត្តកំពត ស្ថិតនៅក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូឆ្នេរនេះស្ថាបនាឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីធ្វើឲ្យពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិមកខេត្តកំពត មានឆ្នេរសម្រាប់អង្គុយលម្ហែកម្សាន្ត។

  ក្រោយពេលរងជំនន់ទឹកភ្លៀង ឆ្នេរបានខូចខាតមួយចំនួនដោយសារទឹកហូរច្រោះ ហើយបើតាមអាជ្ញាធរស្រុកបានបញ្ជាក់ថា ឯកឧត្តមអភិបាលខេត្តកំពត នឹងជួសជុលកែលម្អឆ្នេរនេះឡើងវិញក្នុងពេលឆាប់នេះ នៅពេលកាសអាកាសធាតុអំណោយបានល្អផលប្រសើរឡើងវិញ។(សឹង រ៉ាត់)