2024-02-05 02:02
65

(ភ្នំពេញ)៖ នៅទីស្នាក់ការអាជ្ញាធរមីននាព្រេឹកថ្ងៃទី៥ខែ កុម្ភៈ ឆ្នាំ២០២៤  តាងនាម            សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាជាមួយលោក  ប៊ូកែវ ភុមវង្សសាយ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា។ក្នុងជំនួបនោះ ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឯកឧត្តម លី ធុជ បានស្នើសុំឱ្យប្រទេសឡាវពិចារ ណាចូលរួមជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញាអូតាវ៉ា ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងខែវិច្ឆិកា ខាងមុខនេះ។

ឯកឧត្តម បានបញ្ចាក់ប្រាប់ខាងភាគីឡាវថា ក្នុងនាមកម្ពុជាជាប្រធាន កម្ពុជានឹងខិតខំកៀរគរធនធាន និងស្វែងរកកិច្ចសហប្រតិបត្តិការ និងជំនួយពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីនរបស់ប្រទេសឡាវ ក្នុងករណីដែលប្រទេសឡាវបានចូលរួមជារដ្ឋភាគីអនុសញ្ញា។កម្ពុជានឹងប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាព ក្នុងការបោសសម្អាតមីន និងអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានោះឯកឧត្តម បណ្ឌិត លី ធុជ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ឡាវ ក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកចង្កោម ផងដែរ។

លោក ប៊ូកែវ ភុមវង្សសាយ បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាន។ ជាការឆ្លើយតបនឹងសំណើរបស់កម្ពុជា ឯកឧត្តម ភុមវង្សសាយ នឹងធ្វើសេចក្តីរាយការណ៍ និងលើកសំណើបន្តទៅរដ្ឋាភិបាលនៃប្រទេសឡាវ ដើម្បីធ្វើការពិចារណា។

ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា បានកក់សំគាល់ថា ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយដែលកម្ពុជានឹងរៀបចំ ហើយប្រជាជនជុំវិញពិភពលោក នឹងមកទស្សនាខេត្តសៀមរាប តាមរយៈការចូលរួម សន្និសីទអន្តរជាតិនៃអនុសញ្ញាអូតាវ៉ា ដើម្បីជំរុញពិភពលោកមួយដែលគ្មានមីន។ ប្រទេសឡាវបានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕