2023-12-24 01:12
122

ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់បានរងរបួសធ្ងន់ ០២នាក់ទៀតរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូកើតឡើងនៅថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៦និង២០នាទីល្ងាចក្រៅទីប្រជុំជនត្រង់ចំណុចលើទំនប់ខ្នងអាងទឹកត្រពាំងថ្ម ខាងជើងផ្លូវកែងភូមិតាអុងចម្ងាយប្រហែល ៣០០ម៉ែត្រ ស្ថិតនៅភូមិតាអុង ឃុំ ប៉ោយចារ ស្រុកភ្នំស្រុក ។
    នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ១៩៩៩ ពណ៌ខ្មៅ បើកពីទិសខាងត្បូងទៅជើង ក្នុងល្បឿនលឿនបើកបរ ដោយឈ្មោះ សៀប ណយ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានអ្នករួមដំណើរឈ្មោះ ឆាយ ភារិទ្ធ អាយុ១៤ឆ្នាំ រស់នៅភូមិពង្រ ឃុំ ប៉ោយចារ ស្រុកភ្នុំស្រុក ខេត្តបន្ទាយមានជ័យ ពេលមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿងទៀតច្រាសទិសគ្នា អ្នកបើកបរឈ្មោះ កោយ ម៉ុប ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ១៩៩៩ ពណ៌ ក្រហម លេខ ប.ជ 1D 8073 (បើកបរក្នុងស្ថានភាពស្រវឹង)។
   នគរបាលបានបញ្ជាក់ថា៖ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យ ឈ្មោះ សៀប ណយ អាយុ១៤ឆ្នាំ (រងរបួសធ្ងន់ធ្ងរបាក់ជើងស្ដាំ) ,ឈ្មោះ ឆាយ ភារិទ្ធ (រងរបួសធ្ងន់ធ្ងរត្រង់ចំណុចក្បាល),ជនបង្កឈ្មោះ កោយ ម៉ុប (រងរបួសស្រាលត្រង់ចំណុចជើងខាងឆ្វេង)ជនរងគ្រោះខាងលើត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ។មូលហេតុ: អ្នកបើកបរម៉ូតូ ទាំង០២គ្រឿងខាងលើ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យគ្រោះថ្នាក់កើតឡើង ៕