2024-03-26 06:03
36

សៀមរាប៖ មុខសញ្ញាជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទំងន់ទោស ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ក្រោមការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:២៥នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះបង្រ្កាប និងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទំងន់ទោស។

ករណីអំពើលួចនេះ កើតហេតុនៅត្រង់ចំណុចក្រោមផ្ទះរបស់ជនរងគ្រោះដែលស្ថិតនៅក្នុង ភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ 
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ជា វន (ហៅ តុលា) ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ននៅ ភូមិដូនឡី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប (មានសារធាតុញៀននៅក្នុងខ្លួន) និង ទី២- ឈ្មោះ មេ មុន្នី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ននៅ ភូមិដូនឡី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានសារធាតុញៀននៅក្នុងខ្លួន)។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា «ពួកគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូដែលមានស្លាកលេខ កំពង់ធំ 1B-0757 នៅក្រោមផ្ទះរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន»។

វត្ថុតាងដកហូតរួមមាន:ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ កំពង់ធំ 1B-0757 (បានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ)។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕