2024-01-22 04:01
69

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត  រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានរៀបចំបង្កើតសួនឧទ្យានទន្លេស្ងួត ដែលជាសមិទ្ធផលមួយថ្មីបន្ថែមទៀត ឆ្ពោះទៅតំបន់សហគមន៍ទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូន។ពិធីបើកការដ្ឋានរៀបចំ សួនឧទ្យានទន្លេស្ងួត ត្រូវបានធ្វើឡើង នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត  រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ ។

តំបន់ទន្លេស្ងួត មានផ្ទៃដី១៤ហិកតា ក្នុងនោះ ឧទ្យានទន្លេស្ងួត គ្រោងរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត លើផ្ទៃដីទំហំប្រមាណ ៨៧៥០ម៉ែត្រការ៉េ ដែលគ្រោងនឹងសាងសង់រួចរាល់ នៅមុនរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ លើសពីនេះ តំបន់ទេសចរណ៍ធម្មជាតិ ដែលមានកន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ វប្បធម៌ ប្រវត្តិ សាស្រ្ត ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។ 

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជួយអភិវឌ្ឍន៍មូលដ្ឋានខេត្តត្បូងឃ្មុំជាបន្តបន្ទាប់ ជាពិសេស រៀបចំតំបន់ទន្លេស្ងួត ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ នឹងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន។កន្លងទៅ ឯកឧត្តមបណ្ឌិត បានរៀបចំដាំផ្កាស្បៃរឿងចំនួន១លានដើម ដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី មក            ទស្សនាកម្សាន្ត នៅក្នុងឱកាសថ្ងៃឈប់សម្រាក និងពិធីបុណ្យផ្សេងៗ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានដាំដើមព្រីង និងឫស្សីផ្អែម ដើម្បី  ផ្តល់ជាម្លប់ និងបង្កើនភាពបៃតង                     រយៈពេលវែង ជាពិសេសផ្តល់ជាផល សម្រាប់ប្រជាជននៅតំបន់នេះ អាចអាស្រ័យផលបានផងដែរ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ការរៀបចំតំបន់ទន្លេស្ងួត ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនេះ នឹងបានជួយពង្រីកជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូន និងក្លាយជាអាងទឹក សម្រាប់ការស្រោចស្រពស្រែចំការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន  លើសពីនេះ ការអភិវឌ្ឍតំបន់ទន្លេស្ងួត ក៏បានបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទ ព្រះធាតុបាស្រី ដែលមានភាពស័ក្កសិទិ្ធ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋផងដែរ ។ 

តំបន់ប្រវត្តិសាស្ត្រប្រាសាទព្រះធាតុបាស្រី មានប្រាសាទបុរាណ ព្រះវិហារ ទីសក្ការៈបូជា ទីទួលបុរាណ និងទន្លេស្ងួតនេះមានអាយុកាលយូរលង់ណាស់មកហើយ។ ទីតាំងនេះក៏ជាទីគោរពសក្ការៈរបស់ព្រះមហាក្សត្រ ជាច្រើនព្រះអង្គនាសម័យបុរាណ ក្នុងនោះរួមមានស្ដេចកន ដែលជាអតីតក្សត្រខ្មែរមួយព្រះអង្គសោយរាជ្យនៅព្រះរាជាណាចកម្ពុជា ក៏បានមកបន់ស្រន់ សុំជោគជ័យក្នុងការធ្វើសឹកសង្រ្គាមផងដែរ ចាប់ពីពេលនោះមក វត្តព្រះធាតុបាស្រី និងតំបន់ទន្លេស្ងួត បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរពរហូតមកដល់សព្វថ្ងៃនេះ៕