2023-12-08 12:12
161

ភ្នំពេញ៖ អ្នកចម្រៀងតាមភោជនីយដ្ឋានម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាត់តុលាការ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីចាត់ការបន្តរតាមច្បាប់ក្នុងករណីឆក់ខ្សែក។

ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីវេលាម៉ោង ២០និង១៥នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅមានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

មុនពេលកើតហេតុជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែក បម្រុងជិះគេចខ្លួន ហើយបានទៅបុកម៉ូតូ ០១គ្រឿងទៀត បណ្ដាលឲ្យដួលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗ និងចាប់យកវត្ថុតាងខ្សែក ០១ខ្សែ ប្រគល់ជូនជនរងគ្រោះវិញផងដែរ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ អ្នកចម្រៀងតាមភោជនីយដ្ឋាន និងបានសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុចខាងលើ ពិតប្រាកដមែន»។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕