2023-10-07 11:10
246

(កែប)កាលពីថ្ងៃទី ៥ ខែតុលារហូតដល់ថ្ងៃទី ៧ខែតុលា ឆ្នាំ២០២៣នេះបើតាមយោងលើកឡើងរបស់ លោក ប៊ុន យោង អភិបាលរងខេត្តកែបអ្នកនាំពាក្យរដ្ឋបាលខេត្តកែបបានបញ្ជាក់ឲ្យដឹងថា គណៈកម្មការរួម បានកំណត់យកទីតាំងសម្រាប់រៀបចំពិធីបុណ្យសមុទ្រជុំទី ១០ លើកទី ៣ នៅឆ្នេរ ២.៧០០ម៉ែត្រ នៅក្បែរផ្សារក្តាម ខេត្តកែប ដោយសារទីតាំងឆ្នេរ២,៧០០ម៉ែត្រនេះ វាមានលក្ខណៈធំទូលាយ និងធ្វើឲ្យកម្មវិធីទាំងមូល និងដំណើរការបានទៅដោយភាពជោគជ័យរលូន។

លោក ប៊ុន យោង អភិបាលរងខេត្តអ្នកនាំពាក្យរដ្ឋបាលខេត្តកែប មានប្រសាសន៍ថា បានជំរុញការរៀបចំកែលម្អសោភ័ណភាពនិងបរិស្ថានអនាម័យ នៅទូទាំងខេត្តកែប ជាពិសេសនោះនៅតាមបណ្តោយដងវិថីសំខាន់ៗមួយចំនួនទៀត ដើម្បីធានាបាននូវភាពស្រស់បំព្រងទាក់ទាញ តាមបណ្តាសួនច្បារនានា ជំរុញលើការត្រៀមលក្ខណៈផ្តល់នូវសេវាស្នាក់នៅតាមបណ្ដាលសណ្ឋាគារផ្ទះសំណាក់និងការ ហូបចុក និងសុខសុវត្ថិភាពដល់ភ្ញៀវផងដែរ។

លោកអភិបាលរងខេត្តអ្នកនាំពាក្យរដ្ឋបាលខេត្តកែបបានបន្តថា សម្រាប់ពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ឆ្នាំនេះ នឹងរៀបចំឲ្យមានលក្ខណៈប្លែកជាងឆ្នាំរាល់ដង ជាមួយការត្រៀមដាក់តាំងបង្ហាញនូវផលិតផលជាច្រើន ជាពិសេសផលិត ផលប្រចាំនៅតំបន់ជាមួយនិងការរំពឹងបានខ្ពស់ សម្រាប់ពិធីបុណ្យសមុទ្រចុងឆ្នាំ២០២៣នេះនឹងឆ្វេឱ្យទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងខេត្តកែប បានកាន់តែច្រើន។
ទោះជាយ៉ាងណាក្រុមអាជីវករនៅផ្សារក្តាម ដែលនៅជាប់ទីតាំងពិធីបុណ្យសមុទ្រជុំទី១០ លើកទី៣ នៅខេត្តកែប បានសម្តែងអបអរសាទរ និងរំពឹងទុកខ្ពស់ថា នឹងលក់អាហារសមុទ្របានច្រើនផងដែរ។

ពិធីបុណ្យសមុទ្រដែលនឹងរៀបចំនៅខេត្តកែបបានកំណត់ធ្វើចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣ ខែធ្នូឆ្នាំ២០២៣ខាងមុខនេះ សម្រាប់បុណ្យសមុទ្រលើកទី ១០ ជុំទី ៣ នៅឆ្នាំនេះ និងមានការរៀបចំដាក់តាំងពិពណ៌សមិទ្ធផលនានានិងមានទីកន្លែងដាក់ប្រគុំតន្ត្រីដល់មហាជនស្តាប់កម្សាន្តជាដើមហើយនិងមហោស្រពកន្លែងម្ហូបអាហារនិងមានកម្មវិធីជាច្រើនដូចជា រត់ប្រណាំង ប្រដាល់គុណខ្មែរ។(សឹង រ៉ាត់)