2023-12-24 11:12
103

ភ្នំពេញ៖ ក្រុមគ្រសារ និងសាម៉ីខ្លួនជាជនសង្ស័យដែលបើកបររថយន្ត ម៉ាក Jeep Overland បុកជនរងគ្រោះស្លាប់នោះ ពេលនេះបានចូលខ្លួនសារភាព និងប្រគល់ខ្លួន ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបំពេញសំណុំរឿង និងអនុវត្តតាមនិតិវិធីច្បាប់។ 

 តាមប្រភាពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោងជាង ១១ថ្ងៃត្រង់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ ឪពុក ម្តាយ ជនសង្ស័យជាអ្នកបើកបររថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យជនរងគ្រោះស្លាប់ កាលពីពេលកន្លងទៅថ្មីៗនេះ បាននាំកូនរបស់ខ្លួនមកប្រគល់ឲ្យសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសារភាពកំហុស។ 

 លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា «ឪពុក ម្តាយ និងសាម៉ីខ្លួនបាននាំ និងប្រគល់ខ្លួនជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់»។ 

 លោកស្នងការបញ្ជាក់ថា «ពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំជនបង្ក និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់»។ 

 សូមបញ្ជាក់ថា អ្នកបើករថយន្ដរថយន្ត ម៉ាក Jeep Overland មានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅផ្ទះលេខ ៥២D ផ្លូវលេខ ៦៣ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

 សូមជម្រាបថា ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ និងបានរត់គេចខ្លួនបាត់រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានចូលខ្លួនសារភាព នៅស្នងការដ្ឋាននគរបាលលរាជធានីភ្នំពេញ។ 

 កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក ប្លង់ សុផល ព្រះរាជអាជ្ញាធរង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ជាជនសង្ស័យត្រូវបង្ហាញខ្លួននៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុខថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ហើយដីកាបញ្ជាឱ្យចូលខ្លូននេះ តំណាងអយ្យការក៏បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនបុគ្កលឈ្មោះ ព្រហ្ម វិចិត្រសុសក្តាផងដែរ៕