2024-02-18 04:02
67

(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយបង្ហាញអំពីទស្សនទានផ្ទាល់ខ្លួនដោយបានលើកឡើងថា ដើម្បីកាត់បន្ថយការចំណាយខ្ពស់ក្នុងផលិតកម្មដំណាំស្រូវនឹងធ្វើឱ្យប្រសិទ្ធភាពសេដ្ឋកិច្ចប្រាក់ចំណេញកើនឡើងយើងគួរគម្បីសាកល្បងអនុវត្តន៍វិធានកាត់បន្ថយ៣ បង្កើន៣ នឹងធ្វើឱ្យស្រូវមានសុខភាពល្អទទួលបានប្រាក់ចំណេញកើនឡើង។
    លោកប្រធានមន្ទីរបានបន្តថា បន្ថយ៣ រួមមានទី១៖ បន្ថយការប្រើគ្រាប់ពូជច្រើនហួសហេតុ ដោយប្រើគ្រាប់ពូជសុទ្ធល្អមធ្យម ១០០ ទៅ ១៥០គីឡូក្រាម ទី២៖ បន្ថយការប្រើប្រាស់ជីគីមីច្រើនមិនសមស្រប គូរប្រើប្រាស់សមស្របតាមដំណាក់កាលលួតលាស់របស់ស្រូវ ដំណាក់កាលបែកគុម្ព នឹងដំណាក់កាល ករកើតកួរស្រូវ ទី៣៖ បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម ការប្រើថ្នាំកសិកម្មមិនសមស្រប នាំឱ្យមានកំណើនសត្វល្អិតកើនឡើង បង្កើតផលប៉ះពាល់សុខភាពអ្នកប្រើប្រាស់ នឹងសេដ្ឋកិច្ច។
   ជាមួយគ្នានេះលោកប្រធានមន្ទីរកសិកម្ម ក៏បានបង្ហាញអំពីបង្កើន៣រួមមានទី១៖ បង្កើនទិន្នផលទាំងបរិមាណផលនឹងគុណភាពស្រូវ, ទី២៖ បង្កើនសុខភាពល្អអ្នកផលិតនឹងអ្នកប្រើប្រាស់ និងទី៣៖ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចបង្កើនប្រាក់ចំណេញ។
   សូមបញ្ជាក់ថា ខេត្ដព្រៃវែង នៅឆ្នាំ២០២៣ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការផលិតដំណាំស្រូវហើយលេខ១បានទៅលើខេត្តបាត់ដំបង៕