2023-04-23 02:04
300

 

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីលួចនិងទទួលផលចោរកម្ម។ 

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១១៖០០ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នៅចំណុចហាងម្លប់កាស្យា ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

   យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុំ ចាន់ អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធនឹងករណីលួចនិងទទួលផលចោរកម្មប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

  ប្រភពបន្តថា នៅវេលាម៉ោង១១ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៣នៅចំណុចហាងម្លប់កាស្យា ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាភ្នំ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះឆែកឆេរផ្ទះរបស់ឈ្មោះ ស៊ុំ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង  ដែលជាប់ទាក់ទិនក្នុងករណីលួចនិងទទួលផលចោរកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

   ប្រភពបន្ថែមថា នៅក្នុងការឆែកឆេរនោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ កន្ត្រកម៉ូតូចំនួន០៨, មួកសុវត្ថិភាពចំនួន០៦, ម៉ាស៊ីនបាញ់ខ្យល់ចំនួន០១គ្រឿង, ផ្លាកលេខម៉ូតូចំនួន០១ (តាកែវ ១AB-៤៤០៤), កាងក្រោយម៉ូតូចំនួន០១, សៀវភៅធនាម៉ូតូរបស់ក្រុមហ៊ុនហុងដាចំនួន០៧ក្បាល, សោធ្វើម៉ូតូចំនួន០៤កញ្ចប់,ម៉ូទ័រកិបផ្លាកលេខ០១គ្រឿង, គ្រឿងកិបស្លាកលេខ០១ឈុត, ផ្លែម៉ូទ័រកាត់ចំនួន០៤, សោដោះ១០គ្រាប់, ខ្សែរឹតពណ៌ខ្មៅ០១ថង់, ញញូរចំនួន០៣, កញ្ចក់ម៉ូតូចំនួន០៣, ធុងលាយថ្នាំចំនួន០២, ទួណឺវីស០១, សោម៉ូតូ០១,ខ្លាញ់គោ០១កំប៉ុងនិងម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង ១G-៩៥៤៩។

   បច្ចុប្បន្ន វត្ថុតាងខាងលើនិងជនសង្ស័យត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសមត្ថកិច្ចនគរបាលស្រុកបាភ្នំខេត្តព្រៃវែងព្រោះជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមច្បាប់៕