2024-01-28 09:01
191

ព្រះសីហនុ៖ អាជ្ញាធរក្រុងព្រះសីហនុ បានបញ្ជាក់ថា ទាំងអ្នកបញ្ចេញសំរាម និងក្រុមហ៊ុនប្រមូលសំរាម នឹងត្រូវបានផាកពិន័យដូចគ្នា ចំពោះការបញ្ចេញសំរាម និងប្រមូលសំរាមមិនអនុវត្តតាមការកំណត់ក្នុងសេចក្ដីជូនដំណឹង របស់រដ្ឋបាលក្រុង នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះតទៅ ។

សេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងព្រះសីហនុ លេខ០០១/២៤ សជណ.កណន ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានកំណត់ពេលវេលាបញ្ចេញសំរាម និងប្រមូលសំរាមនៅតាមបណ្តាផ្លូវ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ។

ប្រជាពលរដ្ឋគ្រប់រូប និងក្រុមហ៊ុនប្រមូលសំរាម ត្រូវអនុវត្តការបញ្ចេញសំរាម និងប្រមូលសំរាមតាម ការកំណត់ដូចតទៅ ៖ ចំពោះបណ្តាផ្លូវ វិថីឯករាជ្យ លេខ១០០ ចាប់ពីឆ្នេរថ្មី ដល់រង្វមូលតោពីរ, វិថីមិត្តភាព លេខ៨០០ ពីមុខអតីតមន្ទីរព័ត៌មានខេត្ត រហូតដល់ផ្លូវកែងទៅឆ្នេរអូរត្រេះ, វិថីតេជោ លេខ៥០២ ពីរង្វង់មូលតោពីរ ដល់ទីលានតេជោ, ពីកែងស្តុបផ្លូវ ៥០២ ដល់ស្ពានព្រែកសែនត្រជាក់ចិត្ត (តាមបណ្ដោយឆ្នេរ) ត្រូវកំណត់ថាប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមពីម៉ោង ៨យប់ ដល់ម៉ោង ៣ព្រឹក ហើយក្រុមហ៊ុនត្រូវប្រមូលសំរាម ពីម៉ោង៣ព្រឹក ដល់ម៉ោង ៨ព្រឹក ។ 

អាជ្ញាធរក្រុងព្រះសីហនុ បានបញ្ជាក់ថា៖ ចំពោះបណ្តាផ្លូវនានា ចំនួន ៧១ខ្សែ ទូទាំងក្រុងព្រះសីហនុ ប្រជាពលរដ្ឋ និងក្រុមហ៊ុនប្រមូលសំរាម ត្រូវអនុវត្តការបញ្ចេញសំរាម និងប្រមូល តាមពេលវេលា ដូចតទៅ៖ ប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់, ក្រុមហ៊ុនត្រូវប្រមូលសំរាមពីម៉ោង ១០យប់ ដល់ម៉ោង៨ព្រឹក ។ 

អនុវត្តការផាកពិន័យ ៖ ចំពោះប្រជាពលរដ្ឋ ម្ចាស់ទីតាំងអាជីវកម្ម សេវាកម្មទាំងអស់ក្នុងក្រុងព្រះសីហនុ ធ្វើការបញ្ចេញសំរាមខុសពេលវេលាដែល បានកំណត់ខាងលើ និងក្រុមហ៊ុនប្រមូលសំរាម មិនប្រមូលតាមការកំណត់ ឬដឹកជញ្ជូនខុសពេលវេលា ឬពុំបានទៀងទាត់ នឹងត្រូវធ្វើការផាកពិន័យដូចគ្នា ដោយគ្មានការលើកលែងនោះឡើយ ។ 

ជាមួយគ្នានេះ ប្រជាពលរដ្ឋ សាធារណៈជន និងក្រុមហ៊ុន អាចផ្តល់ព័ត៌មានមកកាន់រដ្ឋបាលក្រុង ក្នុងករណីមានឃើញបុគ្គលរូបណា ឬក្រុមហ៊ុន មិនបានអនុវត្តដូចការកំណត់ក្នុងសេចក្តីជូនដំណឹងខាងលើ ដើម្បីធ្វើការផាកពិន័យតាមច្បាប់រកំណត់ ៕