2023-05-18 06:05
236


ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈកំពុង ធ្វើសកម្មភាពលួចម៉ូតូ ហើយត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាដេញព័ទ្ធចាប់បាន។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣ នៅភូមិប្រសូតិទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។


បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះយង់ ឡាង អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់នៅក្រុងបាវិត មានស្រុកកំណើតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ជាអ្នកចូលលួចម៉ូតូ និងឈ្មោះសោម វណ្ណៈ អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់នៅក្រុងបាវិត រស់នៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ។
ចំណែកម្ចាស់ម៉ូតូ មានឈ្មោះអ៊ូ សាខន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិប្រសូតិទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
បើតាមជនរងគ្រោះម្ចាស់ម៉ូតូបានអោយដឹងថា មុនកើតហេតុគាត់បានទុកម៉ូតូនៅក្នុងផ្ទះ ហើយបានចូលដេកមួយភ្លែត។ក្រោយមក ស្រាប់តែឃើញជនសង្ស័យ០២នាក់ចូលមកលួចម៉ូតូ របស់ខ្លួនក៏ស្រែកឆោឡោឱ្យអ្នកស្រុកជួយ ខណៈនោះប្រជាពលរដ្ឋក៏បាននាំគ្នាស្រែកដេញព័ទ្ធចាប់បានជនសង្ស័យទាំង២នាក់ប្រគល់ឱ្យសមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា:ពួកខ្លួនពិតជាបានរួមគំនិតគ្នាចូលលួចយកម៉ូតូរបស់ឈ្មោះអ៊ូ សាខន ប្រាកដមែនគឺម៉ូតូម៉ាកហុងដាសេ១២៥ ពណ៏ខ្មៅផលិតឆ្នាំ២០២៣ពាក់ស្លាកលេខស្វាយរៀង1T-6794 លេខតួនិងលេខម៉ាស៊ីន០០៣៤៥៦៩ សមត្ថកិច្ចបានប្រគល់ឱ្យម្ចាស់ម៉ូតូវិញ។
ចំណែកជនសង្ស័យទាំងពីរនាក់ លោកអធិការនគរបាលស្រុកស្វាយទាបសុំការអនុញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងដើម្បីឃាត់ខ្លួនជនសង្ស័យទាំង២នាក់កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវីធីច្បាប់៕