2023-08-14 05:08
162


បន្ទាយមានជ័យ៖ ក្រុមអាជីវករលក់-ដូរ និងអ្នករត់តាក់ស៊ី ក្នុងចំណតរថយន្តខេត្តបន្ទាយមានជ័យ បាននាំគ្នាជ្រួលជ្រោមយ៉ាងខ្លាំង បន្ទាប់ពីលេចឮព័ត៌នានថា «ការជួលតូប និងទីតាំងអាជីវកម្ម និងក្រុមអ្នករត់តាក់ស៊ី ក្នុងបរិវេនចំណតរយន្តទាំង ២ ទាំងចំណតចាស់ និងថ្មី ត្រូវបញ្ឈប់ជាបន្ទាន់ចាប់ពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ ជាកំហិត»។ 
    ក្រុមអាជីវករបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នេះ ចំណតរថយន្តចាស់ និងចំណតថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ត្រូវបានក្រុមឈ្មួញវិនិយោគកំពុងឲ្យកូនចៅហ៊ុរបងព័ទ្ធជុំវិញមិនអនុញ្ញាតឲ្យលក់-ដូរបន្តទៀតដោយអះអាងថា «ដាច់អាណត្តិកុងត្រា»។ 
    តាមប្រភពបានឲ្យដឹងទៀតថា ចំពោះអ្នកវិនិយោគចំណតរថយន្ត ខេត្តបន្ទាយមានជ័យ មានឈ្មោះ ឈៀង គិរីរ័ត្ន ដែលទទួលសិទ្ធប្រមូលភាស៊ីពីអ្នកលក់-ដូរ និងរថយន្តតាក់ស៊ីគ្រប់ប្រភេទទាំងចំណតចាស់ និងចំណតថ្មី។ 
   បើតាមប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា តាមកិច្ចសន្យាការធ្វើអាជីវកម្មវិនិយោគប្រមូលភាសុីចំណតរថយន្តក្រុង រថយន្តតាក់ស៊ីតូច ធំ ទាំង ២កន្លែងនេះ ចុះនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៨ រវាងឈ្មោះ ឈៀង គិរីរ័ត្ន ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានបញ្ចប់សិទ្ធិ វិនិយោគ និងត្រូវប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រងវិញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។ 

   ប្រភពបន្តទៀតដា ចំពោះការជួលតូប និងទីតាំងធ្វើអាជីវកម្ម និងក្រុមអ្នករត់តាក់ស៊ី ក្នុងបរិវេនចំណតរយន្តទាំង ២ នឹងត្រូវបញ្ឈប់ជាបន្ទាន់ចាប់ពីថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២៣ជាកំហិត។ ក្រុមអាជីវករ និងអ្នករត់តាក់ស៊ី បាននិយាយថា ពួកគាត់មិនចេញជាដាច់ខាត ព្រោះពួកគាត់រកស៊ីចិញ្ចឹមក្រពះក្នុងទីតាំងនេះជិត ៣០ឆ្នាំកន្លងមកហើយ ចុះហេតុអ្វីពេលនេះពួកគេហ៊ុព័ទ្ធរបងចង់បណ្តេញពួកគាត់មិនឲ្យលក់-ដូរបែបនេះ? 
   សូមរំឭកថា  នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៦ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តបន្ទាយមានជ័យ សម្តេចតេជោ បានបញ្ជាក់ថា «មិនអនុញ្ញាតឲ្យមានការដោះដូរចំណតរថយន្តក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ នោះឡើយ ដោយរក្សាទុកចំណតរថយន្តដែលសល់ពីសម័យបារាំងមួយនេះឲ្យប្រជាពលរដ្ឋប្រកបមុខរបរជាបន្តទៀត»។ 
   យោងតាមលិខិតលេខ១៣៥៣ ស.ជ.ណ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី , លិខិតលេខ៦២៧ ស.ជ.ណ/ផ.ល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី, លិខិតលេខចុះថ្ងៃទី០២ ខែកក្តដា ឆ្នាំ ២០១៦ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន, ចំណារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានសម្រេចយល់ព្រមលុបចោលការដោះដូរទីតាំងចំណតរថយន្ត ក្រុងសិរីសោភ័ណ យកទៅដាក់កន្លែងផ្សេងជាដាច់ខាត ទោះបីបេនឡាននេះដាច់អាណត្តិក៏ដោយប្រគល់ទៅឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ កាន់កាប់ក៏ដោយរក្សាបេនឡានចាស់ថ្មីនេះទុកនៅដដែល។ 
   អាជីវករលក់-ដូរក្នុងបេនឡាន និងអ្នករត់តាក់ស៊ីទាំងអស់បានបញ្ជាក់ថា «បើគេបណ្តេញពួកគាត់ទាំងគំរោលឲ្យចេញពីកន្លែងធ្លាប់រកស៊ីទទួលទាននេះមែនពួកគាត់នឹងបាត់បងចំណូលចិញ្ចឹមជីវិតប្រចាំថ្ងៃ និងសំរាប់បង់ធនាគារតទៅថ្ងៃមុខទៀតឲ្យពួកគាត់គិតយ៉ាងណា?៕