2024-02-02 03:02
98

បន្ទាប់ពីមានការបែកធ្លាយវីដេអូឃ្លីបរយៈពេលជិត២០វិនាទី ដែលបានបង្ហោះនៅលើ        បណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី០២ ខែគុម្ភៈ ឆ្នាំ២០២៤ ដែលបង្ហាញអំពីសកម្មភាពមន្រ្តីនគរបាលពីរនាក់ វាយទាត់ធាក់ទៅលើបុរសម្នាក់យ៉ាងសាហាវព្រៃផ្សៃបំផុត ជាហេតុធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋប្រតិកម្ម ខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើរបស់មន្រ្តីនគរបាលចរាចរណ៍ទាំងពីរនាក់ខាងលើនេះ ដែលក្នុងនាមជាមន្រ្តីអនុវត្តច្បាប់មិនគួរណាប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋបែបនេះទាល់តែសោះ។

យោងតាមការបង្ហាះនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា មន្រ្តីនគរបាលទាំងពីរនាក់ដែលប្រើអំពើហិង្សា ទៅលើប្រជាពលរដ្ឋ ខាងលើនេះទី១ឈ្មោះ លី  ហាវ  អតីតគឺមុខសញ្ញាជួញដូរគ្រឿងញៀន ហើយធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ឃាត់ខ្លួនម្តង ពាក់ព័ន្ធគ្រឿងញៀនជិត១គីឡូក្រាម ប៉ុន្តែបច្ចុប្បន្នស្រាប់តែពេលនេះមានតួនាទីជាមន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាបយ៉ាងគ្រហើរៗទៅវិញ ។ ចំណែកម្នាក់ទៀតមានឈ្មោះ អ៊ន  ពុទ្ធា មានតួនាទីជានាយរងផ្នែកចរាចរណ៍ ខេត្តសៀមរាប  ។ 

ជុំវិញករណីខាងលើនេះក៏មានមតិជាច្រើនបានលើកឡើងថាខ្លួនជាមន្ត្រីអនុវត្តន៍ច្បាប់  មិនគួរប្រើហឹង្សាទៅលើប្រជាពលរដ្ឋដូចជនពាលនៅក្នុងខ្សែភាពយន្តនោះទេ  ម្យ៉ាងទៀតជនរងគ្រោះក៏មិនមែនជាឧក្រិដ្ឋជនឯណា  ហេតុអ្វីបានជានាំគ្នាទៅវ៉ៃទាត់ធាក់ ដូចសត្វធាតុដូច្នេះទៅវិញ ។

ជុំវិញហេតុការណ៍នេះដែរ ជនរងគ្រោះដែលត្រូវបានមន្ត្រីនគរបាលចរាចរណ៍ ខេត្ត សៀមរាប ចាប់ច្រលំ  ហើយបានធ្វើសកម្មភាពវាយទាត់ធាក់ដូចសត្វធាតុនោះទោះបីជាឃើញរូបគាត់ដៃបាក់ក៏ដោយ ក៏ព្យាយាមចាប់កាច់ដៃវាយខ្នោះទៅក្រោយ រហូតធ្វើឲ្យបាក់ដៃជាថ្មីម្ដងទៀត ហើយមិនអោយទៅពេទ្យទៀតផង ។ ហើយយ៉ាងណានោះជាចុងក្រោយគឺជនរងគ្រោះបានត្រឹមតែអង្គុយរង់ចាំរាប់ម៉ោងរួចក៏សម្រេចចិត្តផ្តិតមេដៃមិនប្តឹង  ផ្តល់ទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ក្រោមហេតុផលថាចាប់ច្រឡំ។

ជាមួយគ្នាក៏មានការលើកជាចម្ងល់ថា សមត្ថកិច្ចចាប់ប្រជាពលរដ្ឋច្រឡំ ហើយថែមទាំងវាយទាត់ធាក់ដូចសត្វធាតុ រួចបង្ខំឲ្យផ្តិតមេដៃមិនប្តឹងផ្តល់ ទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ថាតើយុត្តិធម៌សម្រាប់ជនរងគ្រោះមានពិតប្រាកដែរឬទេ  ចំណែកមន្រ្តីដែលប្រព្រិត្តិ តើអាចរួចខ្លួនពីណាញ់ច្បាប់ដែរឬយ៉ាងណា ។