2023-09-27 09:09
141

(តាកែវ)៖ អំណោយរបស់លោក ហ៊ុន ម៉ានិត និងលោកស្រី ត្រូវបានក្រុមការងារនាំយកទៅប្រគល់ជូនក្មេងស្រីម្នាក់ ដែលរងគ្រោះដោយអំពើរំលោភរហូតដល់មានផ្ទៃពោះ ខណៈក្រុមគ្រួសារមានជីវភាពក្រីក្រ លំបាករស់នៅលើចំណីប្រឡាយ ស្ថិតក្នុងភូមិក្រូច ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

អំណោយនេះត្រូវបានប្រគល់ជូននៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយក្រុមការងារអនុសាខាសិស្ស និស្សិតបញ្ញវន្តក្មេងវត្តស្រុកបាទីសាខាខេត្តតាកែវ ដឹកនាំដោយ លោក ហ៊ូ វណ្ណ: អភិបាលរងស្រុកបាទី និងជាប្រធានអនុសាខាសមាគមសិស្ស និស្សិតបញ្ញវន្ដក្មេងវត្តស្រុកបាទី តំណាងលោក លី សាវេត អភិបាលរងខេត្តតាកែវ និងជាប្រធានសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តតាកែវ ក្នុងនោះក៏មានការនិមន្តចូលរួម ព្រះរតនៈវិសុទ្ធ ធម្ម ភួង ម៉ិញ ព្រះអនុគណស្រុកបាទី និងមន្ត្រីសង្ឃ ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុក ភូមិ ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់។

លោក ហ៊ូ វណ្ណៈ បានឲ្យដឹងថា គ្រួសារក្រីក្ររងគ្រោះខាងលើ មានសមាជិក៥នាក់ កូន៣នាក់ក្នុងបន្ទុក ហើយក្មេងស្រីរងគ្រោះអាយុ១៦ឆ្នាំ ជាកូនស្រីច្បង។ គ្រួសារនេះមានជីវភាពទីទាល់ក្រលំបាក រស់នៅលើដីខ្នងប្រឡាយ និងមានកូនស្រី៣នាក់ក្នុងបន្ទុកមានការខ្វះខាតយ៉ាងខ្លាំង។ អំណោយយកទៅនោះ រួមមាន ថវិកា១លាន ១៣ម៉ឺនរៀល អង្ករ១០០គីឡូក្រាម  ទឹកស៉ីអ៉ីវ ២យួរ  ទឹកត្រី ២យួរ   មី ២កេស   ទឹកបរិសុទ្ធ ១កេស និងទឹកក្រូច ៣កេស។

លោក ហ៊ូ វណ្ណៈ ក៏បាននាំនូវការផ្តាំផ្ញើរបស់លោក ហ៊ុន ម៉ានិត និងលោកស្រី ព្រមទាំងលោក លី សាវេត ជម្រាបជូនថា សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ជាពិសេសដែលមានជីវភាពខ្វះខាត និងលំបាកវេទនា ព្រមទាំងនៅគៀរជិតជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕