2023-08-17 11:08
153


(កែប)កាលពីរសៀលថ្ងៃទី ១៦ ខែសីហាឆ្នាំ២០២៣ ឯកឧត្តម សោមពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងនៅក្នុងពិធីគម្រប់ខួប១២ឆ្នាំរបស់សាលាបច្ចេកទេសដុន បូស្លួខេត្តកែប ហើយនិងបានចាប់ផ្តើមដំណើរដំបូងនៅខេត្តកែប នៅអំឡុងឆ្នាំ២០១២ បើគិតមកទល់ឆ្នាំ២០២៣នេះ មានរយៈពល១២ឆ្នាំ ដែលសាលាអង្គការមួយនេះ បានបំពេញបេសកកម្ម ក្នុងការបណ្តុះបណ្តាលយុវជន និងកុមារក្រីក្រ  រាប់ពាន់នាក់ អោយមានជំនាញមួយច្បាស់លាស់ ជាមួយសីលធម៌ និងសុជីវធម៌ល្អ ក្នុងការចេញទៅបំពេញការងារនៅតាមបណ្តាស្ថាប័នរដ្ឋ និង  ឯកជនទូទាំងប្រទេស ភាគច្រើននៃយុវជនទាំងនោះ បានប្រែពីបន្ទុករបស់សង្គម ក្លាយទៅជាសសរទ្រូងរបស់សង្គមវិញ។ 
     អភិបាលខេត្តកែប មានប្រសាសន៍ថា អ្វីដែលសាលាកំពុងធ្វើនៅខេត្តកែប ជាអ្វីដែលសង្គមជាតិយើងត្រូវការ សាលាបានបណ្តុះបណ្តាលនូវជំនាញមួយដ៏ពិតប្រាកដទៅកាន់យុវជន រាប់រយនាក់ក្នុងមួយឆ្នាំៗ ចេញពីខេត្តកែបទៅ ហើយយុវជនទាំងនោះ កំពុងបម្រើការតាមជំនាញរៀងៗខ្លួន ជាមួយគុណភាព ប្រសិទ្ធភាពការងារខ្ពស់។
    ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបាន លើកទឹកចិត្តឧ្យយុវជន ជាពិសេសសិស្សានុសិស្សដែលគ្រោងនឹងបញ្ចប់ទី១២ទាំងអស់ ចាប់យកជំនាញមួយអោយបានច្បាស់លាស់ក្នុងជីវិត សឹមបន្តយកមុខវិទ្យាបន្តបន្ទាប់ទៀត ក្នុងនោះឯកឧត្តមបង្ហើបថាក្នុងអាណត្តិទី៧នេះ ទីផ្សារការងារនៅខេត្តកែបនឹងមានច្រើន តាមរយៈគម្រោងវិនិយោគធំៗចូលមក ដែលនេះជាឱកាសល្អសម្រាប់និស្សិតដែលកំពុងតែសិក្សាជំនាញនៅសាលាដុន បូស្កូខេត្តកែប នេះតែម្តង។ 
   បុរសជនជាតិកូឡុំប៊ី មានឈ្មោះខ្មែរហៅ លី សំណាង ជាអធិការនៃសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប បានអោយដឹងដែរថា កាល១២ ឆ្នាំមុន លោកបានមកដល់ខេត្តកែបជាមួយគ្រូចំនួន១០ នាក់ ដោយចាប់ផ្តើមគម្រោងអប់រំបច្ចេកទេសថ្មី សម្រាប់យុវជន ខេត្តកែប និងខេត្តក្បែរនោះមានកំពត និងតាកែវជាដើម។ ក្រុមនិស្សិតជំនាន់ទី១ មានយុវជន៤០នាក់ បុរស២០នាក់ និងស្ត្រី២០នាក់តែប៉ុនណ្ណោះ គិតមកទល់ពេលនេះយើងដំណើរការបាន៨ជំនាន់ហើយ។ សព្វថ្ងៃនេះសាលា មានសិស្សជាង ៤០០ នាក់ដែលកំពុងសិក្សា។
   គួរបញ្ជាក់ថាសាលាអង្គការមិនស្វែងរកប្រាក់ចំណេញមួយនេះ កំពុងបណ្តុះបណ្តាលយុវជនលើ៤ជំនាញ មានជំនាញអគ្គិសនី ជំនាញវិទ្យាសាស្រ្តលេខាធិការ ជំនាញព័ត៌មានវិទ្យាដើម្បី ជំនាញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ។(សឹង រ៉ាត់)