2024-01-06 11:01
76

 ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក TOYOTA BELTA យ៉ាងលឿននិងមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលអោយរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ រីឯម្ចាស់រងរបួសស្រាល ។             

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក TOYOTA BELTA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BO-7300 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ហើយមិនប្រយ័ត្នបានរេចង្កូតមកឆ្វេងដៃបន្តិចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតតិចតួច តែធ្វើឱ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររបួសតិចតួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅមន្ត្រីជំនាញផ្នែកចរាចរណ៍ដើម្បីធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយ ៕