2023-10-23 04:10
230

(កំពង់ធំ)៖ ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះសារជំនន់ទឹកភ្លៀង លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បាននាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះចែកជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ មកពី៦ឃុំ នៅស្រុកសណ្ដាន់។

នាឱកាសនោះលោក ញឹក បានខេង ថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានការខ្វះខាត ដោយបានខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជននានា ទាំងថវិកា និងសម្ភារៈសម្រាប់ចែកជូនប្រជាពលរដ្ឋ នៅពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានជួយសម្រួលចរាចរណ៍ និងដាក់កម្លាំង ប្រចាំការនៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកហូរខ្លាំងលើដងផ្លូវនិងតំបន់ផ្សេងៗ។

លោកបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាលជួយផ្ដល់ស្បៀង សម្រាប់ចែកជូនប្រជាពលរដ្ឋកំពុងជួបទុក្ខ លំបាកដោយសារទឹកជំនន់ សកម្មភាពទាំងនេះបានបង្ហាញអំពីកាយវិការមនុស្សធម៌ របស់ថ្នាក់ដឹកនាំដែលបានគិតគូរ ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ហើយការចែកអំណោយនេះ មិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមាន ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋទូទៅឡើយ។

លោក ញឹក បានខេង បានបន្ថែមថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច មិនអាចឲ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះសូមឲ្យបងប្អូនខិតខំប្រកបមុខរបរបន្ថែមទៀត ទើបធ្វើឲ្យជីវភាពប្រសើរឡើង។ លោកក៏បានសូមគោរពថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដល់នូវស្បៀងក្នុងឱកាសនេះ។

សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋ ៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និង ទឹកបរិសុទ្ធ៕