2023-07-15 11:07
273

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ០២នាក់ ដែលដើរបំផុសបំផុលញុះញុងឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតបំផ្លាញចោល ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ។ 

ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ គណបក្សភ្លើងទៀនទាំង ០២រូប គឺពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិតញុះញង់ប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។ 

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ០២រូប ដែលធ្វើយុទ្ធនាការឲ្យញុះញង់ឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនេះ រួមមាន៖ ទី១- លោក លី រី ជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន។ ទី២- លោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។ 

ការឃាត់ខ្លួនមនុស្សទាំង ០២នាក់នេះ ធ្វើឡើងតាមបញ្ជារបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមមាត្រា ១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមានថ្មីៗនេះថា "ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋ មិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់ ត្រូវផាកពិន័យពី ៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។ 

សូមបញ្ជាក់ថា គណបក្សភ្លើងទៀន មិនបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ព្រោះមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់របស់គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត៕