2023-04-21 12:04
407

ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដើម្បីវាស់វែងជូនប្រជាពលរដ្ឋស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ដោយអនុវត្តទៅតាមស្មារតីអនុក្រិត្យ និងលិខិតបទដ្ឋានគតិយុត្តដូចខាងក្រោម ១.លិខិតលេខ ៨៥៨/១៥ ក.អ.ក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC ស្តីពីការចុះកំណត់ព្រំដីសម្រាប់កងទ័ពទំហំ ២២ហិកតា ដីជលផលទំហំ ២ហិកតា និងដីសម្រាប់ប្រជាពលរដ្ឋ ៣០ហិកតា ស្ថិតនៅចំណុច ២៣ ២.អនុក្រឹត្យលេខ ២៤៥អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីកំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិលើផ្ទៃដី ៩៣៣៥៧៧ហិកតា និងលិខិតលេខ១០៦៤ សជណ.ដប ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ៣.លិខិតលេខ៥៧៣ សជណ ប.សចុះថ្ងៃទី២៤ ខែមីនា ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការអនុញ្ញាតជាគោលការណ៍ឱ្យចុះបញ្ជីចេញបណ្ណជូនប្រជាពលរដ្ឋស្ថិតនៅភូមិកោះរ៉ុងសន្លឹម ៤.អនុក្រឹត្យលេខ៦៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីកំណត់តំបន់សហគមន៍ និងតំបន់ប្រើប្រាស់ដោយចីរភាព និងលិខិតលេខ៣៦៤ សជណ.ដប ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

   លោកបានបន្តថា នីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ៥ដំណាក់កាល រួមមាន ១.ដំណាក់កាលត្រៀមរៀបចំ ២.ដំណាក់កាលប្រតិបត្តិការបច្ចេកទេស ៣.ដំណាក់កាលបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យ ៤.ដំណាក់កាលសម្រេច ៥.ដំណាក់កាលចុះបញ្ជី ចេញបណ្ណ និងចែកបណ្ណ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដីធ្លីជាលក្ខណៈប្រព័ន្ធនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង នាឱកាសនេះ ដើម្បីកាត់បន្ថយការទំនាស់ដីធ្លី និងការកាន់កាប់ដោយស្របច្បាប់។ ការប្រកាសតំបន់វិនិច្ឆ័យដីធ្លីជូនប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋ របស់ក្រសួងបរិស្ថាន និងពិនិត្យតាមស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយរៀបចំនីតិវិធីដោយមានការគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានដាក់តំបន់នះ ជាតំបន់សហគមន៍ ដើម្បីកែសម្រួលជាតំបន់អភិរក្សស្នើសុំទៅរាជរដ្ឋាភិបាលធ្វើការសម្រេចកាត់ចេញពីតំបន់អភិរក្ស មកជាតំបន់សហគមប្រជាពលរដ្ឋ ក្នុងនាមរដ្ឋបាលខេត្តបានស្នើសុំជាកញ្ចប់ ដើម្បីធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដែលមាន ដំណាក់កាល ៥ជំហាន ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមសហការជាមួយមន្ត្រីជំនាញតាមដំណាក់កាលនីមួយៗ ហើយការវាស់វែងពេលមុន គឺជាការចុះស្រង់ទិន្នន័យ សូមបងប្អូនចូលរួមការចុះបញ្ជីថ្ងៃនេះ ប្រកាសជាតំបន់វិនិច្ឆ័យតំបន់កោះរ៉ុងសន្លឹមទាំងមូល បងប្អូនត្រូវមាន ១.ចាប់ផ្តើមដំណើការចុះបញ្ជីជូនបងប្អូនកាន់កាប់ស្របច្បាប់ ២.នៅពេលប្រកាសតំបន់វិនិច្ឆ័យបងប្អូនត្រូវត្រៀម និងប្រមូលឯកសារឱ្យមន្ត្រីជំនាញ ដើម្បីជាមូលដ្ឋានការទទួលស្គាល់នៃការចុះបញ្ជីថ្មី សូមខិតខំរកឯកសារ អត្តសញ្ញាណ ប្រសិនបើបងប្អូនមានឯកសារគ្រប់គ្រាន់ យើងនឹងឆាប់ទទួលបានបណ្ណ ៣.ទាក់ទងបញ្ហាទំនាស់ សូមបងប្អូនចេះសម្របសម្រួលគ្នា ទន្ទឹមនោះរួមគ្នាអភិវឌ្ឍមូលដ្ឋានរបស់យើង ត្រូវរួមគ្នាប្រកួតប្រជែងក្នុងការអភិវឌ្ឍមូលដ្ឋានរបស់យើង ព្រោះយើងបានធ្វើការអភិវឌ្ឍមានផ្លូវបេតុងកាន់តែច្រើនសម្រួលក្នុងការធ្វើដំណើរប្រជាពលរដ្ឋតំបន់កោះ ម្យ៉ាងទៀតក្រុមការងារ ចាំជួយសម្របសម្រួលការងារជូនបងប្អូនជូនពរឱ្យបងប្អូនឆាប់ទទួលបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នា។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា សង្កាត់កោះរ៉ុងសន្លឹមមានការវិនិយោគច្រើនមានដូចជាផ្លូវបេតុង នេះជាផលនៃការអភិវឌ្ឍ និងការតភ្លើងអគ្គិសនីបណ្តាញជាតិ ចេញពីតារាសាគរ (ខេត្តកោះកុង) មកកាន់តំបន់កោះរបស់យើង នៅសល់តែនីតិវិធី នៃការចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់នាពេលខាងមុខ ក៏ប៉ុន្តែយើងនៅមានបញ្ហាទឹកស្អាត និងការពង្រីកវិស័យអប់រំនៅតំបន់កោះឱ្យមានវិទ្យាល័យសម្រាប់កូនចៅអ្នកកោះបានសិក្សារៀនសូត្រនៅទីនេះផ្ទាល់ យើងក៏ចង់បានបណ្តាញភ្លើងរដ្ឋមកកាន់ទីនេះផងដែរ ដើម្បីឱ្យបងប្អូនមានភ្លើងប្រើប្រាស់គ្រប់ៗគ្នានៅក្នុងតំបន់កោះរ៉ុងសន្លឹម សង្ឃឹមថា តំបន់កោះរ៉ុងសន្លឹមទទួលបានផលនៃការវិនិយោគ និងទទួលបានសេវាសាធារណកាន់តែងាយស្រួល សង្ឃឹមថា ក្រោយពីការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួចបងប្អូនតំបន់កោះរ៉ុងសន្លឹមលែងមានទំនាស់ដីធ្លី និងរស់នៅប្រកបដោយសេចក្តីសុខ និងការអភិវឌ្ឍមូលដ្ឋានរីកចម្រើនជាក់ជាមិនខាន។