2024-02-13 02:02
78

(កែប) ៖  កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជំរុញណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឱ្យមានការសហការជាមួយរដ្ឋបាលស្រុកដំណាក់ចង្អើ ដើម្បីសិក្សាដាក់បំពាក់អំពូលភ្លើងទៅតាមគោលដៅផ្លូវទាំងនោះដើម្បីផ្ដល់ភាពងាយស្រួលជូនដល់ពលរដ្ឋនៅតាមបណ្ដាក្នុងមូលដ្ឋានជាពិសេសនោះភ្ញៀវទេសចរណ៍ដែលបានមកលម្ហែលេងកម្សាន្តនៅក្នុងភូមិសាស្រ្តនៃខេត្តកែប។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា នៅមូលដ្ឋាស្រុកដំណាក់ចង្អើរ យើងបានខិតខំកសាង នូវផ្លូវកៅស៊ូ និងផ្លូវបេតុងស្អាតៗ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ក្រោយពីមានផ្លូវទាំងនោះ យើងឃើញចរន្តការមកលេងកម្សាន្តនៅបណ្តារមណីយដ្ឋានានាពីសំណាក់អ្នកទេសចរ ជាពិសេសមកកាន់ឆ្នេរអង្កោល កាន់តែមមាញឹកឡើង តែនៅពេលយប់នៅតាមបណ្តោយដងផ្លូវទាំងនោះនៅងងឹតនៅឡើយ។

ឯកឧត្តម អភិបាលខេត្តកែប ជំរុញឲ្យរដ្ឋបាលស្រុកដំណាក់ចង្អើរត្រូវមានការដាក់អំពូលភ្លើងនៅតាមបណ្ដោយផ្លូវសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរដោយនៅមិនទាន់មានការដាក់បំពាក់អំពូលភ្លើងបំភ្លឺនៅតាមមូលដ្ឋាននៅឡើយដូចជានៅផ្លូវជាតិលេខ ១៣-៣២ តភ្ជាប់ពីកំពង់ផែកោះទន្សាយមកកាន់ធ្នេរអង្កោលនិងបំបែកទៅដូចជាផ្លូវនៅតំបន់តាពីងឆ្ពោះទៅឆ្នេរអង្កោល និងផ្លូវអំពែងសន្តិភាពជាពិសេសនោះនៅតាមបណ្ដោយឆ្នេរអង្កោលស្ថិតនៅក្នុងស្រុកដំណាក់ចង្អើតែម្ដង។

ជាមួយគ្នានេះដែ ឯកឧត្តមអភិបាលខេត្តកែប បានជំរុញឲ្យមន្ទីររ៉ែ និងថាមពល សហការជាមួយអភិបាលស្រុក ពិនិត្យមើលកញ្ចប់ថវិកា ដែលបានមកពីសួយសារ រ៉ែនៅតំបន់នោះ ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ឧ្យដឹងទៀតថា សម្រាប់ឆ្នេរអង្កោល រដ្ឋបាលខេត្តកែប និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជាប្រធាន កំពុងសិក្សាផែនការមេមួយ ក្នុងការអភិវឌ្ឍឆ្នេរអង្កោលនេះ ធ្វើយ៉ាងណារុញឲ្យឆ្នេរនេះ កា្លយទៅជាទិសដៅទេសចរណ៍ស្តង់ដារ នាថ្ងៃខាងមុខ។

សូមគួរបញ្ជាក់ថា ក្រោយតែពីការស្ថាបនាផ្លូវប្របមាត់សមុទ្រ កាន់តែជិតរួចរាល់ ក្នុងឱកាសថ្ងៃឈប់សម្រាក ជាពិសេសនាពិធីបុណ្យចូលឆ្នាំចិននេះ ខេត្តកែបទទួលបានភ្ញៀវទេសចរគួរឲ្យកត់សម្គាល់ តាមទិន្នន័យរបស់មន្ទីរទេសចរណ៍ខេត្តកែបសម្រាប់ បុណ្យចូលឆ្នាំចិននេះ មានភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិ បានអញ្ជើញមកទស្សនាខេត្តកែបនិងឆ្នេរអង្កោលមានចំនួនចំនួន ៧៣.១៤៥នាក់។(សឹង រ៉ាត់)